ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមជម្រើសជាតិសិង្ហបុរី នាវេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ដែលជាជំនួបបើកឆាកពូលA និងជាការប្រកួតដំបូង សម្រាប់ខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦។

សម្រាប់យុទ្ធនាការនេះ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ហើយក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលនេះ កម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត ។ អ្វីដែលពិសេស គឺការជ្រើសរើសទឹកដីកម្ពុជា ប្រារព្ធពិធីបើកការប្រកួតផ្លូវការ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អាស៊ាននេះតែម្ដង។

ជុំវិញការប្រកួតដំបូង ដែរ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួត ទោះបីកីឡាករសំខាន់ៗមួយចំនួន អវត្តមាន តែអ្នកទាំងពីរ ជឿជាក់លើធនធានកីឡាករដែលមាន ហើយសង្ឃឹមថា ពួកគេនឹងព្យាយាមអស់ពីសមត្ថភាព សម្រាប់ការប្រកួត ពិសេសការប្រកួតក្នុងដី ទល់សិង្ហបុរី នារាត្រីនេះ។

ដោយឡែកគ្រូបង្វឹកក្រុមភ្ញៀវសិង្ហបុរី លោក Gavin Lee បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតដែលថា រាល់ការប្រកួតដំបូង តែងជាការប្រកួតតានតឹង ហើយក្រុមនីមួយៗ សុទ្ធតែត្រៀមបានល្អ តួយ៉ាងកូនក្រុមខ្លួន ដែលកំពុងរង់ចាំអនុវត្តជាក់ស្ដែង ក្រោយការប្រមូលផ្ដុំហ្វឹកហាត់ ៣សប្ដាហ៍កន្លងមក។ ចំពោះការប្រកួតប្រជែងក្នុងពូលវិញ លោកមើលឃើញ ឥណ្ឌូនេស៊ី និងវៀតណាម គឺជាឧបសគ្គធំ តែលោកក៏មិនរំលងកម្ពុជា ដែលមានឱកាសធ្វើម្ចាស់ផ្ទះ ២ប្រកួតនោះដែរ។

គួរដឹងថា ក្រោយជួបសិង្ហបុរី ក្នុងដី ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី២៧ ខែកក្កដា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីទទួលក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា មុនឈានដល់ការប្រកួតបញ្ចប់ពូល ទល់ក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ សម្រាប់ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលនេះ ក្រុមដែលឈរលេខ១ និងលេខ២ ប្រចាំពូលទាំងពីរ នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា


