
បាត់ដំបង៖ ស្ត្រីចំណាស់ម្នាក់ បានស្នើសុំឲ្យអាជ្ញាធរ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជួយអន្តរាគមន៍ ក្រោយប្លង់ដីចំនួនបួនប្លង់របស់ខ្លួនត្រូវបានបាត់ និងសង្ស័យថា មានគេលួចយកទៅបញ្ចាំ។
លោកស្រី ជា សារ៉ន អាយុ៦០ ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង នៅភូមិទួលល្វៀង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង បានស្នើឲ្យអាជ្ញាធរឃុំ ជួយអន្តរាគមន៍ ទប់ស្កាត់ និងដឹងឮ បន្ទាប់ពីគាត់បានបាត់ប្លង់ដីចំនួន ៤ក្បាលដី កាលពី៦ឆ្នាំមុន។
លោកស្រី ជា សារ៉ន បញ្ជាក់ថា ប្លង់ដីចំនួនបួនប្លង់របស់គាត់ត្រូវបានបាត់ តាំងពីឆ្នាំ២០១៥ ។ ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីជួយដោះស្រាយ និងដឹងឮផងដែរ អំពីការបាត់ប្លង់ដីនេះ តាំងពីឆ្នាំ២០១៩។
លោកស្រីបន្ថែមថា តាមរយៈការផ្សព្វផ្សាយនេះ លោកស្រីសូមជំរាបជូនសាធារណជនដឹងឮ និងដើម្បីធានាអះអាងថា ដីនោះជាកម្មសិទ្ធស្របច្បាប់ និងជាការអាស្រ័យផលរបស់ខ្លួនពិតប្រាកដមែន ដោយហ៊ានអះអាងចំពោះមុខច្បាប់ និងសូមអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ករណីជនណាយកប្លង់ដី ដែលជាកម្មសិទ្ធរបស់ខ្លួន លួចទៅលក់ដូរ បញ្ជាំ ឬធ្វើសកម្មភាពណាមួយដែលខ្លួនមិនបានដឹងនិងយល់ស្របទេនោះ។
លោកស្រី ជា សារ៉ន ក៏បានសុំស្នើអោយអាជ្ញាធរ ជួយធ្វើបណ្ណកម្មសិទ្ធថ្មីជូនខ្លួនផងដែរ ដើម្បីរក្សាទុកនិងប្រើប្រាស់ជាការចាំបាច់ណាមួយនោះ។
សូមបញ្ជាក់ថា ដី៤ប្លង់នេះ រួមមានជាដីភូមិមានសង់ផ្ទះរស់នៅបច្ចុប្បន្ន បាននឹងកំពុងអាស្រ័យផល ដោយលោកស្រី ជា សារ៉ន នៅភូមិ ទួលល្វៀង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានកាន់កាប់ជិត២០ឆ្នាំមកហើយ៕


