សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាបង្កើនយុទ្ធនាការបង្ក្រាបទូទាំងប្រទេសប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញឆ្លងដែន ដែលកំពុងវិវត្ត និងមានភាពស្មុគស្មាញកាន់តែខ្លាំង។ សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

តាមរយៈកិច្ចសម្ភាសន៍នេះបានចោទសួរសម្ដេចធិបតីថា កម្ពុជាបានសហការជាមួយសហរដ្ឋអាមេរិក ហើយក៏សហការជាមួយចិនលើបញ្ហាបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ ។ តើសម្ដេចគិតថា សហរដ្ឋអាមេរិក និងចិនគួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធជាងនេះដែរឬទេ? ដូចដែលសម្ដេចបានលើកឡើងថា នេះគឺជាបញ្ហាឆ្លងដែនដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបាន។

សម្ដេចធិបតីបានបញ្ជាក់វិញថា ពិតជាដូច្នោះមែន។ ប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Donald Trump ទើបតែបានជួបគ្នា។ រដ្ឋមន្ត្រីការបរទេស Marco Rubio ក៏កំពុងស្ថិតនៅទីក្រុងប៉េកាំង ជួបជាមួយរដ្ឋមន្ត្រីការបរទេស Wang Yi ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទៅកាន់សហរដ្ឋអាមេរិក។ ទាំងនេះជាកិច្ចសហប្រតិបត្តិការទ្វេភាគីដែលប្រទេសទាំងពីរមានរួចហើយ។ នៅលើឆាកអន្តរជាតិក៏នឹងមានកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Combating Online Scams) ដែលនឹងមានការចូលរួមពីទាំងចិន និងសហរដ្ឋអាមេរិក។
សម្ដេចធិបតីបានលើកឡើងថា សម្ដេចក៏បានអញ្ជើញគណៈប្រតិភូពី FBI ឱ្យចូលរួម ហើយលោកនាយក Kash Patel បាននិយាយថា លោកនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកចូលរួម។ ទាំងនេះគឺជាកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហារួម ដែលលើសពីបញ្ហាភូមិសាស្ត្រនយោបាយ។ វាគឺដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់។
សម្ដេចធិបតីបានបន្តថា បណ្តាញឧក្រិដ្ឋកម្មអាចវាយប្រហារប្រទេសណាក៏បាន ដោយមិនគិតថាប្រទេសនោះមានការពាក់ព័ន្ធនយោបាយជាមួយពួកគេឬអត់។ អ្វីដែលពួកគេអាចកេងប្រវ័ញ្ចបានពួកគេនឹងកេងប្រវ័ញ្ច។ ពួកគេអាចវាយប្រហារទាំងសហរដ្ឋអាមេរិក និងចិនក្នុងពេលតែមួយ ដើម្បីរកប្រាក់ចំណេញពីការបោកប្រាស់ ឬជួញដូរគ្រឿងញៀន។ ដូច្នេះ សម្ដេចយល់ថា កិច្ចសហប្រតិបត្តិការទាំងនេះមិនគួរត្រូវបានកំណត់ ឬក្លាយជាចំណាប់ខ្មាំងនៃបញ្ហាភូមិសាស្ត្រនយោបាយឡើយ។
សម្ដេចថ្លែងបញ្ជាក់ថា «ពេលខ្លះ យើងផ្តោតខ្លាំងពេកលើចំណុចអវិជ្ជមាន។ ប៉ុន្តែជារួមទំនាក់ទំនងវិជ្ជមានរវាងចិន និងសហរដ្ឋអាមេរិកនៅតែមានហើយមានកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញជាច្រើន»។
ក្នុងសំណួរជាមួយ Bloomberg ថា សម្ដេចបាននិយាយថា ក្រុមឧក្រិដ្ឋជនទាំងនេះកំពុងកាន់តែមានភាពស្មុគស្មាញ។ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ពួកគេកំពុងដំណើរការដូចជាក្រុមហ៊ុនធំៗ ហើយនៅអាស៊ីអាគ្នេយ៍ ពួកគេកំពុងប្រើប្រាស់ដីសម្បទានក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើម្បីប្រព្រឹត្តបទល្មើស។ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។ តើកម្ពុជាកំពុងធ្វើអ្វីខ្លះ ដើម្បីធានាថាតំបន់ទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្ម?
ចំណុចនេះសម្ដេចធិបតីបានបញ្ជាក់ថា៖ យើង (កម្ពុជា) បានរៀនពីបទពិសោធន៍របស់ប្រទេសដទៃ។ សម្ដេចបានផ្តល់ការណែនាំយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរសន្តិសុខ ឱ្យធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីធានាថា មិនមាន SEZ ណាមួយត្រូវបានប្រើប្រាស់សម្រាប់លាក់បាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ប្រសិនបើ SEZ ណាមួយត្រូវបានរកឃើញថាជាកន្លែងគាំទ្រឧក្រិដ្ឋកម្មបោកប្រាស់ នោះតំបន់នោះនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដូចជាអ្នកដទៃដែរ។ មកទល់ពេលនេះ យើងមិនទាន់មានភស្តុតាងបញ្ជាក់អំពីករណីបែបនេះនៅឡើយទេ។
សម្ដេចបានថ្លែងថា យើងមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះបញ្ហានេះ។ តំបន់សេដ្ឋកិច្ចពិសេសជាច្រើននៅកម្ពុជា គឺជាវេទិកាសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យផ្សេងៗ។ យើងសង្ឃឹមថា វានឹងបន្តរីកចម្រើន និងទាក់ទាញការវិនិយោគកាន់តែច្រើន។ យើងប្តេជ្ញាបន្តបង្ក្រាបបទល្មើសទាំងនេះ ហើយយើងបានឃើញលទ្ធផលរួចមកហើយ។ យើងនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដែលមិនងាយស្រួល និងមិនមានតម្លៃសម្រាប់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងការបន្តសកម្មភាព៕
