បាល់ទាត់៖ FIFA បានប្រកាសផ្លូវការហើយពីកាលបរិច្ឆេទប្រកួតវគ្គ Play-Off អន្តរទ្វីបដើម្បីកៅអីចុងក្រោយនៅ World Cup 2022 នៅទឹកដីកាតាចុងឆ្នាំនេះ។ ការប្រកួតវគ្គ Play-Off អន្តរទ្វីបនឹងធ្វើនៅថ្ងៃទី១៣ និង ១៤ ខែមិថុនាខាងមុខនេះនៅកីឡដ្ឋាន Ahmad Bin Ali ទីក្រុងដូហាប្រទេសកាតា។
សំរាប់ជំនួបវគ្គ Play-Off ក្នុងតំបន់អាស៊ីរវាងអូស្ត្រាលី និងអារ៉ាប់រួមក៏នឹងធ្វើឡើងនៅកីឡដ្ឋានមួយនេះដែរនៅថ្ងៃទី៧ ខែមិថុនា ខណៈក្រុមដែលឈ្នះនឹងជួបជាមួយពែរូនៅថ្ងៃទី១៣ ខែដដែល។ ក្រុមដែលឈ្នះរវាងកន្លះកៅអីអាស៊ី និងពែរូនឹងឡើងទៅចូលក្នុងពូល D នៅ World Cup 2022 ជួបក្រុមការពារជើងឯកបារាំង ដាណឺម៉ាក និងទុយនេស៊ី។ ចំណែកឯកូស្តារីកា ក្រុមមកពីតំបន់អាមេរិកកណ្ដាលនឹងត្រូវជួបជាមួយក្រុមមកពីអូសេអានី នូវែហ្ស៊ីឡង់នៅថ្ងៃទី១៤ ដើម្បីកៅអី World Cup 2022 ចុងក្រោយទៅក្នុងពូល E រួមជាមួយអេស្ប៉ាញ អាល្លឺម៉ង់ និងជប៉ុន។ ការប្រកួតទាំងអស់សុទ្ធតែធ្វើនៅវេលាម៉ោង ៩យប់ម៉ោងនៅប្រទេសកាតាដូចៗគ្នា៕
អត្ថបទ៖នាង សុភាវុធ