ខ្សែបម្រើជើងចាស់ Luka Modric បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំជាមួយក្លិបអ៊ីតាលី AC Milan ខណៈរូបគេនឹងឈានចូលវ័យ ៤១ ឆ្នាំនៅខែកញ្ញាខាងមុខ។
កីឡាករជនជាតិក្រូអាស៊ីរូបនេះបានចូលរួមជាមួយ AC Milan កាលពីរដូវក្តៅឆ្នាំមុន ជាមួយនឹងកិច្ចសន្យាមួយឆ្នាំ និង ជម្រើសបន្តកិច្ចសន្យា បន្ទាប់ពីចាកចេញពី Real Madrid។
ក្រោយចំណាយពេល ១៣ ឆ្នាំនៅកីឡដ្ឋាន Real Madrid, Modric បានបង្ហាញខ្លួន ៣៧ ប្រកួត និងរកបាន ២ គ្រាប់សម្រាប់ AC Milan ក្នុងរដូវកាលមុន។ ទោះជាយ៉ាងណា Milan បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ទី៥ ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A និងឈានដល់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃពាន Coppa Italia ប៉ុណ្ណោះ។
Modric ក៏ទើបតែចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទី៥ របស់ខ្លួនផងដែរ ប៉ុន្តែក្រុមជម្រើសជាតិក្រូអាស៊ីត្រូវបានព័រទុយហ្គាល់ទម្លាក់ចេញនៅវគ្គ ៣២ ក្រុមចុងក្រោយ។
ចាប់តាំងពី Modric ក្លាយជាប្រធានក្រុមជម្រើសជាតិក្រូអាស៊ីក្នុងឆ្នាំ ២០១៦ ក្រុមរបស់គេធ្លាប់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ជើងឯករង និងចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ World Cup។
ម្ចាស់ពាន Ballon d'Or ឆ្នាំ ២០១៨ រូបនេះ បានឈ្នះពាន UEFA Champions League ចំនួន ៦ លើក និងពាន La Liga ចំនួន ៤ លើកជាមួយ Real Madrid។ មុនពេលផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញ Modric ក៏ធ្លាប់បង្ហាញខ្លួន ១៦០ ប្រកួតសម្រាប់ Tottenham Hotspur ក្នុងរយៈពេល ៤ ឆ្នាំផងដែរ។
នៅរដូវកាលថ្មីនេះ Modric នឹងធ្វើការក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Manchester United លោក Ruben Amorim ដែលបានចូលមកជំនួសលោក Massimiliano Allegri បន្ទាប់ពី Allegri ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ



