ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ក្រុមហ៊ុនវិនិយោគអាមេរិក ដែលបានបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ និងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន នៃធុរកិច្ចអាមេរិក អាស៊ានស្វែងរកសក្តានុពលដទៃទៀតសម្រាប់ការវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមធុរកិច្ចអាមេរិក អាស៊ានបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូត ម៉ៃឃីល មីឆាឡាក់ អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសំដែងការគួរសមនិងពិភាក្សា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៥ខែឧសភានេះ ។
ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ជាមួយនឹងការអរគុណជូនចំពោះសម្ដេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាននិងសម្ដែងការគាំទ្រនិងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ។
ការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលផ្ដល់វ៉ាក់សាំង johnson and Jonson និងPfizer ដល់កម្ពុជានិងបានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពថាមពលនៅកម្ពុជាដែលក្នុងនោះកម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនីផលិតដោយវារីអគ្គិសនីសរុបមានជាង ៦១ភាគរយ និងថាមពលសូឡាជាង ៤ភាគរយជាដើម។
នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ៃឃីល បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ាន ហើយបានសម្ដែងការគាំទ្រនិងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
ឯកឧត្តម បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ជាពិសេសសម្រាប់បញ្ហាមីយ៉ាន់ម៉ាហើយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយទទួលបានជោគជ័យហើយនាំទៅដល់ការបើកប្រទេសឡើងវិញនិងអនុញ្ញាតឲ្យមានជំនួបដោយផ្ទាល់នៅថ្ងៃនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តមបានដឹកនាំក្រុមហ៊ុនចំនួន១៣ ហើយបានបែងចែកជាបីក្រុមនិងបានលើកមកពិភាក្សាអំពីបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ចឌីជីថលនិងវិស័យសុខាភិបាល៕







