ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះការចូលរួមជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ។ សម្ដេចបានថ្លែងថា ផ្អែកលើយោបល់របស់បងប្អូន និងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី នៅលើហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់សម្រួលនីតិវិធីនានាឱ្យបានលឿនរហ័សសម្រាប់ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម។
សម្តេចមហាបវរធិបតី បានលើកឡើងថា ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យមនេះ មិនត្រូវឱ្យសហគ្រិនសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ។ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនអ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់ ដើម្បីជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ៕


