ភ្នំពេញ៖ ក្រសួងសុខាភិបាល រួមនឹងអង្គការ UNFPA ប្រចាំកម្ពុជា តំណាងអង្គការ CHAI ប្រចាំកម្ពុជានិងអង្គការដៃគូអភិវឌ្ឍន៍ បានប្រារព្ធទិវា ឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ” ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល” ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានប្រសាសន៍ថា បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំ នៅទូទាំងប្រទេស និងសម្រេចបានលទ្ធផលទៅតាមគោលដៅដូចជា អត្រាមរណភាពមាតា បានបន្តធ្លាក់ចុះពី១៧០ករណី ក្នុងទារកកើតរស់១០០.០០០នាក់ នៅឆ្នាំ២០១៤ មកនៅត្រឹម១៤១ក្នុងទារកកើតរស់ ១០០.០០០នាក់ នៅឆ្នាំ២០១៩។
ជាមួយគ្នានេះ អត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី៨៥% នៅឆ្នាំ២០១៦ ទៅដល់៨៩% នៅឆ្នាំ២០២០។ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាល ក៏បានកើនពី៨០% ទៅ៨៩% នៅក្នុងអំឡុងពេលដូចគ្នានេះ។
ភ្ជាប់ជាមួយនឹងកី្តសោមនស្សរីករាយក្នុងឱកាសអបអរសាទរទិវាឆ្មបជាតិ ៥ ឧសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ សូមថ្លែងការកោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារ ការលំបាកចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផង និងបន្តរក្សាបានការថែទាំសុខភាពជូនស្រី្តទូទៅ ស្រី្តមានផ្ទៃពោះ ទារក និងកុមារ ឲ្យមានដំណើរការល្អជាប្រចាំ។
ទន្ទឹមនឹងនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ចាប់តាំងពីឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ពេលបច្ចុប្បន្ននេះ ទោះបីជាប្រទេសយើង មានការរំខានដោយជំងឺរាតត្បាតកូវីដ-១៩ មែនពិត ក៏ប្រជាជនទាំងអស់ រស់នៅធម្មតាតាមបែបគន្លងថ្មី ដោយសារតែប្រទេសជាតិមានសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម រដ្ឋមន្រី្ត សូមគាំទ្រទាំងស្រុងនូវការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ សូមឲ្យស្មារតីប្រយុទ្ធដ៏ខ្លាំក្លាស្ថិតនៅជារៀងរហូត ជាមួយឆ្មបកម្ពុជា និងសូមឲ្យឆ្មបទាំងអស់អនុវត្តការងារកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ រដ្ឋា







