បាល់ទាត់៖ អាវរបស់អតីតវីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ពាក់ពេលប្រើដៃប៉ះបញ្ចូលទីកាលពី World Cup 1986 យកឈ្នះអង់គ្លេសនោះត្រូវបានដាក់លក់ក្នុងតម្លៃដល់ទៅ ៧លានផោនរឺស្មើនឹងជិត ៩លានដុល្លារអាមេរិកក្នុងការដេញថ្លៃមួយកាលពីថ្ងៃពុធម្សិលមិញ។

Hand of God ត្រូវបានគេស្គាល់ និងនិយាយតគ្នារហូតមកដល់បច្ចុប្បន្ន ទោះបីម្ចាស់អាវបានចែកឋានផុតក៏ដោយ ក៏ព្រោះតែជាជ័យជំនះដ៏មានសារសំខាន់របស់អាហ្សង់ទីនលើអង់គ្លេស ២-១ នៅវគ្គ ៨ក្រុមចុងក្រោយ World Cup 1986។ ក្រោយការប្រកួតនោះ Maradona បានផ្លាស់ប្តូរអាវជាមួយខ្សែបម្រើអង់គ្លេស Steve Hodge នៅពេលនោះ។
អតីតកីឡាកររបស់ Nottingham Forest រូបនេះបានដាក់អាវដ៏ល្បីឈ្មោះមួយនេះក្នុងការដេញថ្លៃកាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ និងមានតម្លៃហួសពីការរំពឹងទុកដំបូងត្រឹម ៤.៦លានផោនប៉ុណ្ណោះ។ Diego Maradona ដែលបានលាចាកលោកទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នោះធ្លាប់បានបញ្ជាក់ថា ច្បាស់ណាស់ថា បាល់នោះលោកបានប្រើដៃវាយបញ្ចូលទី និងហៅបាល់របស់លោកនោះថា Hand of God៕
អត្ថបទ៖នាង សុភាវុធ