
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនលោកយាយ លោកតា នៅអង្គការមូលនិធិកុមារកម្ពុជានៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។
លោកស្រី ពេជ ចន្ទមុន្នី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ជូនលោកយាយ លោកតា ដែលជាមនុស្សចាស់ក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា។ លោកស្រី បញ្ជាក់ថា សម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុកតម្រូវការការរស់នៅបារម្ភចំពោះសុខភាពរបស់លោកយាយ លោកតា អ៊ុ ពូ មីងជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជាមានចំនួន៨៥នាក់ ដែលកម្មវិធីនេះជួយដល់មនុស្សចាស់នៅក្នុងសហគមន៍ស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រចាំសប្តាហ៍ និងការផ្ដល់ជូននូវការព្យាបាលដោយឥតគិតថ្លៃ។
ក្រៅពីនោះ លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នេះក៏ទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នីនាពេលកន្លងមកផងដែរ៕



