វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានបង្ហាញខ្លួនលើកដំបូងតាំងពីខែមីនាក្នុងការប្រកួតកម្មវិធី Madrid Open ដោយបានបន្តដំណើរឡើងជុំទី៣ ហើយក្រោយយកឈ្នះកីឡាករស៊ែប Miomir Kecmanovic។
ជើងឯក Madrid Open នេះ ៥សម័យ Rafael Nadal បានយកឈ្នះការប្រកួតនេះដោយលទ្ធផល ៦-១ និង ៧-៦(៧-៤) ដែលជាជ័យជំនះដំបូង ក្រោយជាពីរបួសត្រកៀកអំឡុងការប្រកួតនៅ Indian Wells សហរដ្ឋអាមេរិក។ Nadal នឹងបន្តជួបជាមួយកីឡាករប៊ែលហ្ស៊ិក David Goffin ដែលបានយកឈ្នះកីឡាករហូឡង់ Botic van de Zandschlup។
ដោយឡែកលទ្ធផលផ្សេងទៀតកីឡាករអង់គ្លេសលំដាប់លេខ ១១ ពិភពលោក Cameron Norrie ក៏បានឈានឡើងវគ្គបន្តផងដែរ ក្រោយយកឈ្នះកីឡាករអាមេរិក John Isner ៦-៤, ៦-៧(៥-៧) និង ៦-៤ ដើម្បីបន្តដំណើរជួបជាមួយកីឡាករវ័យក្មេងអេស្ប៉ាញ Carlos Alcaraz។ រីឯអតីតកីឡាករលេខ ១ ពិភពលោកសញ្ជាតិស្កុតឡេន Andy Murray ក៏បានបន្តដំណើរទៅមុខដែរ ក្រោយយកឈ្នះកីឡាករលំដាប់លេខ ១៤ Denis Shapovalov កាលពីថ្ងៃអង្គារដើម្បីជួបជាមួយ Novak Djokovic នៅថ្ងៃព្រហស្បតិ៍នេះ៕
អត្ថបទ៖នាង សុភាវុធ