ភ្នំពេញ៖ ត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២២ប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលចំណូលជាង ៥៣ ភាគរយ នៃផែនការកំណត់ដោយច្បាប់។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងពីធីបើកដំណើរការ ជាផ្លូវការនូវកម្មវិធីវិក្កយបត្រនាំសំណាង របស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw) នៅថ្ងៃទី ៥ខែឧសភា ឆ្នាំ២០២២ នេះ។
ឯកឧត្តម គង់ វិបុល លើកឡើងថា ទោះជាស្ថានភាពសេដ្ឋកិច្ចមានការថមថយ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះក្តី, អគ្គនាយកដ្ឋានពន្ធដារតែងតែគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ និងលើសផែនការ ក្នុងរយៈពេលឆ្នាំចុងក្រោយនេះ។
ជាក់ស្ដែងឆ្នាំ២០២០ សម្រេចបាន ១០១,៣៦% នៃផែនការប្រចាំឆ្នាំ និងឆ្នាំ២០២១ សម្រេចបាន ១២៤,០២% នៃផែនការប្រចាំឆ្នាំ។ ចំណែក ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រេចបាន ៥៣,២៧% នៃផែនការប្រចាំឆ្នាំ ដែលជាចំនួនមួយបង្ហាញឲ្យឃើញថា ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
ឯកឧត្តម បញ្ជាក់ថា ចំពោះលទ្ធផលប្រមូលចំណូលដ៏ប្រសើរនេះ គឺបានកើតក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ ព្រមទាំងបានដឹកនាំប្រទេសកម្ពុជាឆ្លងកាត់វិបត្តិកូវីដ-១៩ បានប្រកបដោយសុវត្ថិភាព សុខុមាលភាព តាមរយៈការដាក់ចេញនូវវិធានការត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសការការចាក់វ៉ាក់សាំង ដែលជាយុទ្ធសាស្ត្រគន្លឹះ និងរហូតឈានដល់ការបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ គឺបានធ្វើឲ្យកម្ពុជា សម្រេចនូវបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព និងប្រកបដោយភាពល្អប្រសើរ ។
ក្នុងពិធីនេះដែរ, លោក Arnaud Darc ប្រធានសមាគមភោជនីយដ្ឋាននៅកម្ពុជា ថ្លែងថា នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ ១៩ នេះ វិស័យភោជនីយដ្ឋាននៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ បានធ្លាក់ចុះ ៥០% ក្នុងនោះប្រសិនគ្មានការគិតគូរ ជួយជ្រោមជ្រែងពីរាជរដ្ឋាបាលនោះទេ វិស័យនេះក៏គ្មានឱកាសមកដល់ពេលនេះផងដែរ។
ក្នុងនាមជាប្រធានសមាគម លោករំពឹងថា វិស័យភោជនីយដ្ឋាននៅកម្ពុជា នឹងរីកចម្រើនឡើងវិញ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រែងប្រែង និងអនុវត្តវិធានការជាច្រើន ដើម្បីទប់ស្កាត់នឹងវិបត្តិនៃជម្ងឺកូវីដ ១៩នេះ ដោយបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបានឈានបើកអាជីវកម្មឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី
