ភ្នំពេញ៖ ក្រសួងសង្គមកិច្ច ក្នុងឱកាសអបអរសាទរទិវាយល់ដឹងមនុស្សមានអូទីស្សឹម និងដោនស៊ីនដ្រូម បង្ហាញនូវគោលដៅ ឱ្យមានការបង្កើនគ្រូបង្រៀនពិសេស ដើម្បីបង្រៀនដល់កុមារដែលមានបញ្ហា អូទីស្សឹម និងដោនស៊ីនដ្រូម។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងឱកាសចូលរួម អបអរសាទរទិវាយល់ដឹងមនុស្សមានអូទីស្សឹម និងដោនស៊ីនដ្រូម ដោយចង់អោយវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ពិភាក្សាជាមួយគរុកុសល្យអប់រំ ក្នុងការបង្កើនចំនួនគ្រូបង្រៀនពិសេស ដើម្បីបង្រៀនកុមារមានអូទីស្សឹម និងដោនស៊ីនដ្រូម។
ឯកឧត្តម រដ្ឋលេខាធិការ លើកឡើងថា គ្រូបង្រៀនពិសេសគឺត្រូវភ្ជាប់មកជាមួយនូវបេះដូងពិត ក្នុងការបំពេញការងារ មិនគិតពីផលប្រយោជន៍ និងត្រូវមានយល់ដឹងពីពិការភាព។ ការលើកឡើងបែបនេះ ដោយហេតុថាការបង្រៀនកុមារមានអូទីស្សឹម និងដោនស៊ីនដ្រូម ពុំមែនជារឿងងាយស្រួល និងទាមទារភាពអត់ធ្មត់ជាខ្លាំងខុសពីការបង្រៀនកុមារធម្មតា។
លើសពីនេះ សម្រាប់ក្រសួងសង្គមកិច្ច ក៏បានពិចារណាសម្រាប់ពេលអនាគត ដើម្បីធានាការរស់នៅរបស់កុមារមានអូទីស្សឹម នៅពេលដែលពួកគាត់ធំពេញវ័យផងដែរ។
ពាក់ព័ន្ធនឹងកុមារមានអូទីស្សឹមលោក ចាន់ សារិន ជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ លើកឡើងដែរថា បច្ចុប្បន្នសាលាគឺមានកុមារមានអូទីស្សឹម និងដោនស៊ីនដ្រូមជាច្រើន កំពុងទទួលបានការបង្រៀន។ ជាគោលដៅ គឺសាលានឹងសាងសង់អាគារថែម ដើម្បីអាចមានលទ្ធភាព ផ្ដល់ការបង្រៀនអប់រំ កុមារមានអូទីស្សឹម និងដោនស៊ីនដ្រូម កាន់តែច្រើន។
លោក បញ្ជាក់ថា កុមារអូទីស្សឹមគឺមានការលូតលាស់មិនជាក់លាក់ និងបាត់ទំនាក់ទំនងសង្គម ដែលមកទល់បច្ចុប្បន្ននេះ ក៏មិនទាន់មានការបញ្ជាក់ពីមូលហេតុបង្ករជាក់លាក់ផងដែរ៕
អត្ថបទ៖ គឹមហុក