ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានទទួលកៅអីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី (AVC Cup) លើកដំបូង នាឆ្នាំ២០២៧ ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រក្នុងពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជាមួយក្រុមបាល់ទះជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលទទួលបានកៅអីលេងពានកម្រិតទ្វីបនេះ ក្រោមលក្ខខណ្ឌផ្សេងគ្នា។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយដឹកនាំក្រុមបាល់ទះកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ ជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាដណ្ដើមបានលើកដំបូង ក្នុងពានរង្វាន់ SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ជាមួយការទទួលស្វាគមន៍ដ៏កក់ក្ដៅពីថ្នាក់ដឹកនាំ ព្រមទាំងមានពិធីដង្ហែរអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ឆ្ពោះទៅមកកាន់ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមសាទរយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។

ទន្ទឹមជាមួយដំណើរវិលត្រឡប់ប្រកបដោយមោទនភាពនេះដែរ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ក៏បានបង្ហើបនូវដំណឹងល្អមួយទៀត សម្រាប់ក្រុមបាល់ទះបុរសកម្ពុជា ដែលនឹងទទួលបានកៅអីលេងពានបាល់ទះអាស៊ី នាឆ្នាំ២០២៧ ក្នុងនាមម្ចាស់ពានបាល់ទះអាស៊ីអាគ្នេយ៍ ជើងទី១ និងក្រុមជម្រើសជាតិវៀតណាម ម្ចាស់ពានជើងទី២ ដែលទទួលបានកៅអីពានកម្រិតទ្វីបនេះដូចគ្នា ។ រីឯឥណ្ឌូនេស៊ី ក្នុងនាមក្រុមការពារជើងឯក AVC Cup ព្រមទាំងហ្វីលីពីន ដែលត្រូវធ្វើម្ចាស់ផ្ទះរៀបចំពានរង្វាន់ AVC Cup 2027 ក៏នឹងមានកៅអីក្នុងការប្រកួតនេះផងដែរ។
ជាមួយការសាងសមិទ្ធផលដ៏ភ្ញាក់ផ្អើល និងទទួលបានឱកាសពានកាន់តែធំនេះដែរ ចំពោះមុខសហព័ន្ធនឹងព្យាយាមពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង ពិសេសការជ្រើសរើសកីឡាករមកជំនួសបន្ថែម បន្ទាប់កីឡាកររាមច្បងមួយចំនួន មានបញ្ហារបួស ដើម្បីត្រៀមលក្ខណៈចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន នាឆ្នាំក្រោយ ទាំងស៊ីហ្គេម ពានបាល់ទះអាស៊ីអាគ្នេយ៍ ពិសេសការត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងពានបាល់ទះទ្វីបអាស៊ីតែម្ដង។

ដោយឡែកកីឡាករ សួន ចាន់ណារ៉ូ និង គួន មុំ បានបង្ហាញនូវមោទនភាព ក្រោយសម្រេចបាននូវក្ដីស្រម៉ៃដ៏ធំ ក្នុងការនាំពាន និងមេដាយមាសព្រឹត្តិការណ៍ប្រចាំតំបន់ត្រឡប់មកមាតុភូមិ ជាមួយការស្វាគមន៍ដ៏កក់ក្ដៅពីប្រជាពលរដ្ឋ។ បែបនេះក្ដី ពួកគេបានតាំងចិត្ត និងប្ដេជ្ញាបន្ដការខំប្រឹងបន្ថែមទៀត ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតជាច្រើន នាពេលខាងមុខ។
សូមរំឮកថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចំណាយពេលត្រឹម ២រដូវកាលប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ជើងទី១ ឆ្នាំ២០២៦ នៅលើទឹកដីហ្វីលីពីន ក្រោយយកឈ្នះក្រុមថៃ ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ មុនបន្ដធ្វើដំណើរទៅប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅទឹកដីឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ ដោយទទួលត្រឹមចំណាត់ថ្នាក់លេខ៤។ យ៉ាងណាមិញសរុបពិន្ទុការប្រកួតទាំង ២ជើង ក្រុមបាល់ទះកម្ពុជា ក៏ទទួលបានកៅអីលើកដំបូង ដើម្បីចូលរួមការប្រកួតពានរង្វាន់បាល់ទះទ្វីបអាស៊ី នាឆ្នាំ២០២៧ ខាងមុខ៕ អត្ថបទ លី ឈុនឡា








