ភ្នំពេញ៖ សមាគមមិត្តយើង បន្ទាប់ពីបានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព គឺទទួលបានការបរិច្ចាគគាំទ្រយ៉ាងផុសផុលពីសប្បុរសជននានាសរុបចំនួនជាង ៥០ ០០០ ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពសង្គម។
សមាគមមិត្តយើង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តាមរយៈឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមមិត្តយើង ទទួលបានការបរិច្ចាគជាទឹកប្រាក់ និងសម្ភារៈពីសប្បុរសជននានាមានចំនួនជាង ៥០ ០០០ដុល្លារ ដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈពេល ៣ឆ្នាំ។
ជាង ១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានាសរុបជាទឹកប្រាក់ប្រមាណជាង ៥០ ០០០ដុល្លារ នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀត ជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ៕ អត្ថបទ ៖ បូរ៉ាវី







