ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីទទួលដំណឹងមរណភាពឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម កឹម សុខា បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅវេលាម៉ោង៩យប់ ថ្ងៃទី៥ ឧសភានេះ។
សារដែលផ្ញើរតាមរយៈ What App បានសរសេរថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយក្រៃលែង ដោយទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ»។
ជាការឆ្លើយតបចំពោះការចូលរួមមរណៈទុក្ខនេះពីឯកឧត្តម កឹម សុខា ភ្លាមៗដែរ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាងនាមឲ្យក្រុមគ្រួសារ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាររំលែកទុក្ខដែលឯកឧត្តម និងលោកជំទាវផ្ញើមកខ្ញុំ និងក្រុមគ្រួសារក្នុងឱកាសនៃការបាត់បង់ដ៏ធំធេងសម្រាប់ខ្ញុំនិងគ្រួសារ»។


