កំពង់ធំ៖ ភ្នាក់ងារអ្នកសង្កេតការគណបក្សនយោបាយ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលចូលរួមសង្កេតការណ៍ ក្នុងអំឡុងពេលបោះឆ្នោត គឺជាផ្នែកមួយដែលជំរុញឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍គណបក្សប្រជាជនកម្ពុជា តាមបណ្ដាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ចំនួន១៨០នាក់ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២, លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ធំ លើកឡើងថា ភ្នាក់ងារអ្នកសង្កេតការណ៍ គឺជាផ្នែកមួយដែលជំរុញឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោកបន្តថា ស្ថានប័នគ្រប់ផ្នែក ដែលរាប់បញ្ចូលទាំងអ្នកសង្កេតការ គណបក្ស អ្នកសង្កេតការ ជាតិ និងអន្តរជាតិ គឺជាផ្នែកមួយដែលនាំឲ្យការបោះឆ្នោតមានភាពសុក្រឹត្រ សេរី និងយុត្តិធម៌ ស្របច្បាប់ ស្តីពីការបោះឆ្នោត។
លោកបានថ្លែងអំណរគុណដល់ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ដែលបាន ចំណាយពេលវេលាផ្ទាល់ខ្លួនក្នុងការជួយបំពេញយន្តការច្បាប់នៃការបោះឆ្នោតនាពេលខាងមុខ នេះ។ លើសពីនេះទៀតលោក បានជំរុញដល់សមាជិកសមាជិកានៃគណបក្ស សូមខិតខំចុះតាម ខ្នងផ្ទះ ដើម្បីធ្វើការឃោសនាអំពីគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ព្រមទាំង កៀរគរមិត្តភក្តិក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ គាំទ្រគណបក្សប្រជាជន ធ្វើយ៉ាងណា ឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ហើយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ លោកបានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់ទុំ មានវ័យចំណាស់ជាងគេ និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
ចុងបញ្ចប់លោក ងួន រតនៈ ក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់សូមបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យស្អិតរមួតជាធ្លុងមួយដើម្បីធ្វើយ៉ាងណានាំសមាជិកគណបក្សទៅបោះឆ្នោតឲ្យបានច្រើនគ្រប់ៗគ្នា ហើយការបោះឆ្នោតគ្មានអំពើហិង្សា ការបោះឆ្នោតដោយរលូនប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ ដោយមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។







