នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងលោកប្រធានាធិបតី Donald Trump សុទ្ធតែបានលើកសរសើរពីកិច្ចប្រជុំថាជាជំនួប "ដ៏ល្អឥតខ្ចោះ" នៅឯសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាជំនួបទល់មុខគ្នាលើកដំបូងរបស់លោកទាំងពីរចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានផ្តល់ឱកាសឱ្យលោក Netanyahu បន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងរបស់ពួកលោក។មេដឹកនាំអ៊ីស្រាអែលរូបនេះបាននិយាយថា លោកទាំងពីរក៏បានពិភាក្សាគ្នាផងដែរថាមិនត្រូវឲ្យទីក្រុងតេអេរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថាកិច្ចប្រជុំបិទទ្វារនេះមានរយៈពេលជិតមួយម៉ោងកន្លះ ហើយមានភាពវិជ្ជមាន និងស្ថាបនា។ សេតវិមានពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។ដំណើររបស់មេដឹកនាំអ៊ីស្រាអែល ទៅកាន់អាមេរិក ក៏ដើម្បីចូលរួមពិធីបុណ្យសពសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Lindsey Graham ផងដែរ។
ជំនួបនេះកើតឡើងនៅពេលមេដឹកនាំទាំងពីរប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ លោក Netanyahu កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ហើយកំពុងប្រឈមនឹងបញ្ហាមួយផ្នែកដោយសារតែទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរបស់លោកជាមួយលោក Trump។ លោក Trump កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ចប់សង្គ្រាមគ្មានប្រជាប្រិយភាព ដែលបានបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងជំរុញឱ្យតម្លៃទំនិញកើនឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកានេះ។យោធាអាមេរិកនិយាយថា ក្រោយមកនៅថ្ងៃអង្គារដដែល អ៊ីរ៉ង់បានបំផ្លាញរយៈពេលដ៏ខ្លីនៃភាពស្ងប់ស្ងាត់ក្នុងសង្គ្រាមដោយការបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅលើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ដោយបន្ថែមថាមីស៊ីលអ៊ីរ៉ង់ទាំងអស់ត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ។
មន្ត្រីអ៊ីស្រាអែលមួយរូបបានរាយការណ៍ពីកិច្ចប្រជុំនៅសេតវិមានដោយនិយាយថា លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Trump និងគណៈរដ្ឋមន្ត្រីរបស់លោកថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ពួកគេនឹងឆ្លើយតប ប៉ុន្តែក្រៅពីនេះ ពួកគេនឹងទុកចិត្តលើការវិនិច្ឆ័យរបស់ប្រធានាធិបតីទាក់ទងនឹងជំហានបន្ទាប់៕


