ជឺជីតស៊ូ៖ កីឡាការិនីជឺជីតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានធ្វើដំណើរមកដល់ទឹកដីកម្ពុជាហើយនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។

បន្ទាប់ពីមកទឹកដីកំណើតរបស់ឪពុកខ្លួន ចេសា បានសម្ដែងនូវក្ដីរំភើបរីករាយជាខ្លាំងក្រោយបានមកប្រកួតតំណាងកម្ពុជាជាលើកទី៣ ហើយនាងបានអះអាងថាបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតស៊ីហ្គេមនាពេលខាងមុខដើម្បីការពារមេដាយមាសជូនជាតិម្ដងទៀត។ ដោយឡែកលោក Peter Khan ឪពុកបង្កើតរបស់ ខាន់ ចេសា បានបង្ហាញនូវមោទកភាពដែលកូនស្រីរបស់ខ្លួនបានមកប្រកួតតំណាងកម្ពុជាជាថ្មី ជំនួសឲ្យខ្លួនដែលធ្វើមិនបានល្អកាលនៅជាកីឡាករ។ លោកមានរំពឹងថា ស៊ីហ្គេមនៅវៀតណាម ចេសា នឹងធ្វើបានល្អក្នុងការដណ្ដើមមេដាយមាសជូនជាតិទៀតផង។

សូមបញ្ជាក់ថា ខាន់ ចេសា ត្រូវបានចាត់ទុកជាវីរកីឡាការិនី បន្ទាប់ពីនាងមកប្រកួតតំណាងកម្ពុជាដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ហើយនាងដណ្ដើមបានមេដាយមាស ១គ្រឿងមុនបន្ដដណ្ដើមមេដាយមាស ១គ្រឿងទៀតក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ចំពោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាពេលខាងមុខ សម្រាប់កីឡាជឺជីតស៊ូកម្ពុជាគឺបញ្ជូនកីឡាការិនី ២រូបប៉ុណ្ណោះទៅចូលរួម រួមមានកីឡាការិនី ខាន់ ចេសា និងកីឡាការិនី ម៉ាប់ សុខហួយ៕
អត្ថបទ៖ លី ឈុនឡា