ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

2026/07/29 11:06:38 am        221

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចែក​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧​បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចូលរួមអបអរសាទរ និងរីករាយចំពោះបងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល ដែលទទួលបានការបញ្ចប់ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ ព្រមទាំងការធានាសន្ដិសុខសង្គម តាមរយៈការធានាសិទ្ធិស្របច្បាប់ ការរស់នៅដោយសុខុដម និងការបន្តមរតក។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំបន្តឆន្ទៈ មនសិកា ឧត្តមានិយម ផលប្រយោជន៍ជាតិ និងប្រជាជនមកដល់បច្ចុប្បន្ន ដោយឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈការប្រឹងប្រែងកែទម្រង់វិស័យដីធ្លីជាប់ជាប្រចាំ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់ និងសន្ដិភាពចិត្ត លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួនសំដៅរួមគ្នាកសាងប្រទេសឱ្យក្លាយទៅជាប្រទេសមានអរិយធម៌ ជាសង្គមស៊ីវិល័យ និងជាភូមិឋានក្សេមក្សាន្ត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកការវាស់វែង ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺជាសេវាចាំបាច់ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ជូនប្រជាពលរដ្ឋ ស្របតាមទស្សនទាននៃការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសមិនមានវិវាទនៅកម្ពុជា។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទស្សនទាននៃការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសមិនមានវិវាទនៅកម្ពុជា គឺមានអត្ថន័យទូលំទូលាយ និងឆ្លុះបញ្ចាំងពីការពិត ប៉ុន្ដែទស្សនទានដែលមានត្រឹមតែនៅលើក្រដាសមិនដំណើរការទេ អ្វីដែលសំខាន់ គឺរាជរដ្ឋាភិបាលត្រូវ ធ្វើឱ្យក្លាយទៅជាការពិត ហើយបានធ្វើជាង២០ឆ្នាំមកហើយ ដូចរបាយការណ៍ខេត្តកណ្ដាលជាង ២០ ប៉ុន្ដែយើងធ្វើកំណែទម្រង់ជាប្រចាំ ជាពិសេសកំណែទម្រង់ឆ្នាំ១៩៨៩។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទិដ្ឋភាពនៃពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលថ្ងៃនេះ គឺឆ្លុះបញ្ចាំងអំពីការវិវត្តជាក់ស្ដែងរបស់លទ្ធផលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងសកម្មភាពជាក់ស្ដែងដែលបានធ្វើ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ខ្ញុំឧស្សាហ៍ឃើញអ្នកខ្លះថា រដ្ឋាភិបាលនិយាយច្រើន ប៉ុន្ដែលទ្ធផលសូន្យ ប៉ុន្ដែមិនសូន្យទេ ឥឡូវទាក់ទងរឿងដីធ្លីនេះ ជាក់ស្ដែងកាលពីអាណត្តិកន្លងទៅរដ្ឋាភិបាលបានវាស់វែង និងចុះបញ្ជីដីធ្លីសរុបជាង ៧,៧ លានក្បាលដី ហើយបានចេញបណ្ណសម្គាល់ដីធ្លីសរុបជាង ៧ លានបណ្ណ។

-សម្ដេចធិបតីបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ កាលពីដើមអាណត្តិសម្ដេចបានជួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងដែនដី ដោយបានពិក្សាគ្នាផ្ដោតសំខាន់លើការដោះស្រាយបញ្ហាដីធ្លី ព្រោះមានបញ្ហាបុរីជាប់គាំងមួយ ប៉ុន្ដែទំនាស់ដីធ្លី វិវាទនៅតាមភូមិ រួមទាំងវិវាទនៅក្នុងការកាន់កាប់ដីរដ្ឋ ដីព្រៃជាដើម កំណើននៃប្រជាជនធ្វើឱ្យមានបញ្ហា ដូច្នេះហើយដើម្បីបញ្ចប់បញ្ហា ឬបង្ការកុំឱ្យមានបញ្ហា គឺត្រូវដោះស្រាយបញ្ហាឫសគល់របស់វា ដែលបញ្ហានោះមួយភាគធំគឺជាភាពមិនច្បាស់លាស់នៃការកាន់កាប់ ដូច្នេះទើបរដ្ឋាភិបាលបានធ្វើយ៉ាងណាជំរុញបន្តលើការវាស់វែងដើម្បីឱ្យបានចប់ទូទាំងប្រទេស ចុះបញ្ជី និងចែកបណ្ណជូនពលរដ្ឋ ដើម្បីបញ្ចប់បញ្ហា។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអរគុណដល់មន្រ្ដីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលបានខិតខំធ្វើការទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យជូនប្រជាពលរដ្ឋ។

-សម្ដេចធិបតី៖ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ រដ្ឋាភិបាលបានវាស់វែងដីធ្លីបន្ថែមជូនប្រជាពលរដ្ឋបានចំនួន ៦,៣ លានក្បាលដី ហើយបើសរុបតាំងពីអាណត្តិមុនមកដល់ពេលនេះ មានចំនួន ១៤ លានក្បាលដី និងបានចេញបណ្ណសម្គាល់ដីធ្លីបន្ថែមចំនួន ២, ៦ លានបណ្ណ ដូច្នេះបើសរុបចាប់តាំងពីអាណត្តិមុនមកដល់ពេលនេះ រដ្ឋាភិបាលបានចេញបណ្ណសម្គាល់ដីធ្លីជូនពលរដ្ឋជិត ១០លានបណ្ណ និងបានចែកវិញ្ញាបនបត្រជូនពលរដ្ឋបានជិត ៩លានបណ្ណ ស្មើនឹង ៨៦ភាគរយនៃក្បាលដីសរុបទូទាំងប្រទេស។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលកំពុងបន្តធ្វើការវាស់វែង ការកំណត់ព្រំ ការចុះបញ្ជីក្បាលដី និងការចែកបណ្ណដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ខណៈទិសដៅរបស់រដ្ឋាភិបាលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខនេះ ដូច្នេះត្រូវខិតខំធ្វើឱ្យបានដែលនេះគឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលនៅតែទទួលស្គាល់ថា យើងនៅមានបញ្ហាដែលត្រូវកែសម្រួល ព្រោះរឿងពេលខ្លះមិនអាចកែមួយថ្ងៃទេ ប៉ុន្ដែសំខាន់យើងក្ដាប់បាននូវបញ្ហា ហើយដោះស្រាយជាបណ្ដើៗដើម្បីក្នុងគោលដៅធ្វើយ៉ាណាឱ្យប្រជាជនមានបណ្ណដីធ្លីគ្រប់គ្រាន់ ជាពិសេសការបញ្ជាក់នៅព្រំដីកុំឱ្យមានបញ្ហាតទៅទៀត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានរំឭកថា កាលពីថ្ងៃមុន សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការចេញបណ្ណដីធ្លីជូនប្រជាពលរដ្ឋមានការកកស្ទះនេះដែរ។ សម្ដេចធិបតីបញ្ជាក់ថា បញ្ហានេះមានកត្តាច្រើនដែលរដ្ឋាភិបាលត្រូវក្ដាប់ឱ្យជាប់ថាតើមូលហេតុអី ហើយត្រូវដាក់ចេញនូវបញ្ហាអ្វី។ សម្ដេចបន្តថា បញ្ហាកកស្ទះនេះ មិនមែនតែត្រឹមការវាស់វែង ចុះបញ្ជីទេ ដូច្នេះរាជរដ្ឋាភិបាលនឹងខិតខំពន្លឿនលើការងារនេះ ក្នុងនោះកន្លងទៅក្រុមការងារក្រសួងសេដ្ឋកិច្ចក៏បានចុះសិក្សាលើបញ្ហានេះនៅទូទាំងប្រទេសដើម្បីដោះស្រាយផងដែរ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ហ្វេសប៊ុក និងបណ្ដាញសង្គម គឺជាមូលដ្ឋាន និងមធ្យោបាយមួយដែលប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានផ្ទាល់តែម្ដង ហើយរដ្ឋាភិបាលតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ រហូតមកដល់អាណត្តិថ្មីនេះគឺបានបន្តតាមដានពិនិត្យមើលទាក់ទងនឹងបញ្ហាផ្សេងៗ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមបញ្ចេញមតិ ជាពិសេសនៅតាមបណ្ដាញសង្គម ប៉ុន្ដែសូមកុំចូលមកជេរយក ប៉ុន្ដែបញ្ចេញមតិថា តើបញ្ហាមានអ្វីពិតប្រាកដដើម្បីរដ្ឋាភិបាលក្ដាប់បាន ជាពិសេសអ្នកដែលដឹងរឿងផ្ទាល់ ដើម្បីរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់លើការដោះស្រាយបញ្ហានោះ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ទាក់ទងនឹងបញ្ហាកកស្ទះការចេញបណ្ណដីធ្លីជូនប្រជាពលរដ្ឋ សម្ដេចបានចារឯកភាពលើកត្តាមួយចំនួន ក្នុងនោះសម្ដេចពិនិត្យមើលឃើញមានបញ្ហាចំនួន ៨ បញ្ហាដែលបានលើកឡើង ហើយលើកជាសំណើរសុំគោលការណ៍ដោះស្រាយ ដូច្នេះបញ្ហានេះនៅពេលបន្តិតទៀតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងចេញសេចក្ដីប្រកាសព័ត៌មានលើការដោះស្រាយបញ្ហានេះ។

-សម្ដេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធគិតគូររៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេវាធ្វើដំណើររួមដែលមានល្បឿនលឿនកាត់បន្ថយការកកស្ទះ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី១ គឺការគ្រប់គ្រងការចុះបញ្ជីដីធ្លីនៅមន្ទីរដែនដីរាជធានី-ខេត្តមិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដែលអាចគ្រប់គ្រងនូវលំហូរឯកសារ និងទិន្នន័យរួមនៅឡើយដែលប្រព័ន្ធទាំងនោះនៅដាច់ដោយឡែកពីប្រព័ន្ធភូមិបាល និងរដ្ឋបាលសុរិយោដីនៅតាមភូមិសាស្រ្ដរាជធានី ខេត្តធ្វើឱ្យថ្នាក់កណ្ដាលគ្រប់គ្រងទិន្នន័យ មិនទាន់គ្រប់ជ្រុងជ្រោយ ហើយពិបាកយកទៅផ្ទៀងផ្ទាត់។ ដូច្នេះជាដំណោះស្រាយ គឺត្រូវជំរុញការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្ដាលឱ្យបានឆាប់ ដើម្បីចែករំលែកទិន្នន័យតាមប្រព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារដើម្បីងាយស្រួល និងមានភាពប្រទាក់ក្រឡា ក្នុងការដំណើរការឯកសារនីមួយៗឱ្យបានឆាប់។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី២ ម្ចាស់អចលនទ្រព្យមួយចំនួនមិនបានផ្ដល់ការសហការ ដោយឯកសារមួយចំនួនម្ចាស់អចលនទ្រព្យ មិនបានមកដកយកឯកសារដើម្បីបង់ប្រាក់ពន្ធដោយសារមិនមានលទ្ធភាពទូទាត់ប្រាក់ពន្ធ ឬម្ចាស់អចលនទ្រព្យមិននៅក្នុងស្រុក ឬមួយចំនួនម្ចាស់អចលនទ្រព្យមិនបានផ្ដល់ឯកសារគ្រប់គ្រាន់ ហើយរដ្ឋបាលសុរិយោដីក៏ពុំសូវបានជំរុញកិច្ចការនេះជាមួយម្ចាស់អចលនទ្រព្យ។ សម្ដេចបញ្ជាក់ថា បញ្ហានេះ ជាដំណោះស្រាយ រដ្ឋបាលសុរិយោដី ត្រូវជំរុញការដោះស្រាយ ចុះបញ្ជីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង និងទំនាក់ទំនងផ្ទាល់ទៅម្ចាស់អចលនទ្រព្យ និងជំរុញឱ្យមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៣ ប្រជាពលរដ្ឋ មានបណ្ណកម្មសិទ្ធិចាស់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ជាប់បន្ទុកធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលពុំអាចដកយកមកប្ដូរយកបណ្ណថ្មី ដែលទើបចុះបញ្ជីដីធ្លីបាន ក្នុងករណីខ្លះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏អាចផ្ដល់កម្ចីដោយគ្រាន់តែមានបង្កាន់ដៃ ទទួលបណ្ណកម្មសិទ្ធិប្រើប្រាស់ជាឯកសារធានាកម្ចីដើម្បីដាក់បន្ទុកការខ្ចីនេះ ដែលនាំឱ្យម្ចាស់ពុំមានបង្កាន់ដៃទៅដកយកបណ្ណកម្មសិទ្ធិដែលនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។ ក្នុងករណីនេះ សម្ដេចធិបតីឱ្យក្រសួងដែនដី ពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ និងធនាគារអាចធ្វើការផ្លាស់ប្ដូរបណ្ណ ឬឯកសារដែលជាប់បន្ទុក មកដកយកបណ្ណកម្មសិទ្ធិ ដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបានជាជាងទុកឱ្យនៅកកស្ទះនៅរដ្ឋបាលសុរិយោដី។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៤ ឯកសារមួយចំនួនដែលមានដីកាអមរយៈពេលបីខែ ដែលមានកាលបរិច្ឆេទចេញពីមន្ទីរដែនដី រាជធានី ខេត្ត ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ម្ចាស់កម្មសិទ្ធិត្រូវទទួលរងនូវពិន័យដោយត្រូវបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវស្មើ ១០០%នៃប្រាក់ពន្ធដែលនាំឱ្យម្ចាស់អចលនទ្រព្យ មួយចំនួនមិនមានលទ្ធភាពបង់ និងមួយចំនួនទៀត បានស្នើបញ្ជាក់ដីកាអមថ្មីឡើងវិញពីមន្ទីរដែនដី ដែលបញ្ហានេះធ្វើឱ្យយឺតយ៉ាវការងារ។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព ផ្ដល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាដែលត្រូវរងពិន័យស្មើ ១០០%នៃប្រាក់បង់ពន្ធដែលត្រូវបង់រហូតដល់បំណាច់ឆ្នាំ២០២៧។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៥ ក្នុងនោះឯកសារមួយចំនួនជាការផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដង នៅត្រឹមឃុំសង្កាត់ ឬក្រុង ស្រុក ខណ្ឌ និងពុំមានលិខិតបញ្ជាក់ ប្រវត្តិដី អាជ្ញាធរដែនដី ដែលម្ចាស់ចុងក្រោយត្រូវរងការបង់ពន្ធច្រើនតំណ។ សម្ដេចបន្តថា រឿងនេះកន្លងទៅជាបញ្ហាចោទមួយដែរ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ សម្ដេចបញ្ជាក់ថា ដីធ្លីណា ដែលបានលក់ដូរ បន្តម្ចាស់ច្រើនក៏ដោយ គិតចាប់ពីឆ្នាំ ២០១៧ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ គឺអាចបង់ពន្ធតែមួយដងសម្រាប់អ្នកលក់ចុងក្រោយនេះតែម្ដង ដើម្បីកុំឱ្យពិបាកទៅសើរើឡើងវិញទៀត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៦ ករណីមួយចំនួន ម្ចាស់កម្មសិទ្ធិទិញដី គ្មានសំណង់ និងបានផ្ទេរសិទ្ធិ កាន់កាប់បន្តដៃគ្នាច្រើនតំណ ប៉ុន្ដែក្រោយមក គាត់បានសាងសង់សំណង់ ឬផ្ទះនៅលើទីតាំងដីនោះ ដែលតម្រូវឱ្យម្ចាស់កម្មសិទ្ធិបង់ពន្ធប្រថាប់ត្រា តាមសាវតានីមួយៗលើដី និងរួមទាំងសំណង់ដែលទើបសាងសង់នោះ ដោយសារសំណង់នោះមិនមានលិខិតអនុញ្ញាតសាងសង់ដែលជាឧបសគ្គនៅក្នុងការកកស្ទះ ដោយម្ចាស់ចុងក្រោយមិនព្រមទទួលការរងនូវការកំណត់ពន្ធច្រើនតំណ។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី បានឯកភាព សម្រេចអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចនទ្រព្យ ចំពោះសំណង់ដែលចាប់ផ្ដើមពីឆ្នាំដែលចាប់ផ្ដើមសាងសង់ជាក់ស្ដែងដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ចៀសជាងកំណត់ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំមានសំណង់នៅឡើយ ដែលឱ្យតែមានការបញ្ជាក់ពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានឱ្យដឹងថា រឿងបញ្ហាការកកស្ទះនេះ ក្នុងនោះបញ្ហាទី៧ ករណីខ្លះទៀត ការចុះបញ្ជីកម្មសិទ្ធិដីធ្លីតម្រូវឱ្យម្ចាស់បង់សេវាសុរិយោដី និងសេវាផ្សេងៗស្របតាមប្រកាស អន្តរក្រសួងលេខ ១៨៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងដែនដី, ទោះបីជាករណីមួយចំនួនដែលមាន ឬពុំមានការបង់ពន្ធប្រថាប់ត្រាក៏ដោយដែលប្រជាពលរដ្ឋខ្លះពុំមានលទ្ធភាពបង់ជាហេតុនាំឱ្យមានការកកស្ទះ, ឯកសារខ្លះទៀតពលរដ្ឋធ្លាប់ដាក់ស្នើសុំពីពេលមុន ក្នុងអំឡុងសុពលភាពប្រកាសអន្តរក្រសួងចាស់ ដែលតម្លៃសេវាសុរិយោដីនៅមានទាប ប៉ុន្ដែនីតិវិធីស្នើសុំបណ្ណកម្មសិទ្ធិត្រូវអូសបន្លាយរហូតដល់ប្រកាសអន្តរក្រសួងថ្មីដែលមានតម្លៃខ្ពស់ជាងដែលពលរដ្ឋពុំមានលទ្ធភាពបង់។ ដូច្នេះជាដំណោះស្រាយ សម្ដេចធិបតី សម្ដេចធិបតីបានឯកភាព ឱ្យពិនិត្យមើលលទ្ធភាពនៅក្នុងការពន្យានូវការអនុវត្តកម្រៃសេវា តាមប្រកាសអន្តរក្រសួងលេខ ១៨៦ ឬផ្ដល់ការសម្រួលកម្រៃសេវាសុរិយោដីម្រិតទាបណាមួយដើម្បីពលរដ្ឋមានលទ្ធភាពបង់ និងអាចបន្តនីតិវិធីក្នុងការទទួលយកបណ្ណកម្មសិទ្ធិដីធ្លីបាន។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី រឿងបញ្ហាការកកស្ទះនេះក្នុងនោះបញ្ហាទី៨ សម្រាប់វីរយុទ្ធជន វីរនគរបាលជាតិរបស់កម្ពុជាទាំងអស់ សម្ដេចធិបតី បានឯកភាពលើការអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានប្រាក់ត្រូវបង់ពន្ធមិនលើស ២០លានរៀល ដែលម្ចាស់កម្មសិទ្ធិជាយោធិនដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចអង្គភាពសាមីថាពិតជាបានចូលរួមបម្រើការងារប្រយុទ្ធនៅសមរភូមិ។ 

**ប្រសាសន៍សម្ដេចធិបតីចប់នៅវេលាម៉ោង ៩ និង៥៧នាទី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រជុំពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញ
2026/07/29 11:00:21 am        120
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើទស្សនកិច្ចក្រុមហ៊ុនViettel ដែលឈានមុខគេខាងបច្ចេកវិទ្យា និងទូរគមនាគមន៍ក្នុងប្រទេសវៀតណាម
2026/07/29 10:49:15 am        160
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
2026/07/28 08:04:30 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខជនភៀសខ្លួនរបស់UN មានសុទិដ្ឋិនិយមចំពោះភាពជាដៃគូអាមេរិក បន្ទាប់ពីរបាយការណ៍ភាពខ្វែងគំនិតគ្នាជាមួយលោក Trump

2026/07/29 01:01:57 pm
​លោកស្រី Keiko Fujimori ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសប៉េរូ
2026/07/29 12:59:13 pm
​ក្រុងគីវ ព្រមានអ៊ីរ៉ង់ប្រឆាំងការបង្កើនភាពតានតឹងក្រោយការវាយប្រហារនៅសមុទ្រកាសព្យែន
2026/07/29 12:56:40 pm
​ប្រេងឡើងថ្លៃ ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនៅអ៊ីរ៉ាក់
2026/07/29 12:53:58 pm
​បារាំងចេញការព្រមានពីកម្ដៅក្នុងតំបន់រងគ្រោះដោយភ្លើងឆេះព្រៃ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសនៅអេស្ប៉ាញ
2026/07/29 12:48:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 10:12:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 02:20:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm