រុស្ស៊ី៖ លោកប្រធានាធិបតី Vladimir Putin និយាយថា ប្រទេសអ៊ុយក្រែនគួរតែបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួន ដែលនៅតែពួនសំងំក្នុងរោងចក្រដែកថែបរងការហ៊ុមទ័ព Azovstal របស់ទីក្រុងយុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធចុះ ដើម្បីឲ្យជនស៊ីវិលមានឱកាសចាកចេញពីរោងចក្រត្រូវបានឡោមព័ទ្ធ នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Mariupol។

ក្រុង Moscow បានសន្យាឲ្យមានបទឈប់បាញ់រយៈពេល ៣ថ្ងៃ ប៉ុន្តែមានរបាយការណ៍និយាយថា នៅតែមានការវាយប្រហារទៅលើរោងចក្រ ជាទីដែលជនស៊ីវិលប្រមាណ ២០០នាក់នៅតែជាប់ជាមួយទាហានអ៊ុយក្រែន។ រម្លឹកពីជម្លោះពាក្យសម្ដីរវាងរុស្ស៊ី និងអ៊ីស្រាអែល ក្រោយការអត្ថាធិប្បាយរបស់លោក Lavrov ប្រមុខការទូតរុស្ស៊ីថា មេដឹកនាំណាស៊ី អាដុលហ្វ័ អ៊ីត្លែ (Adolf Hitler) មានឈាមជ័រជនជាតិជ្វីហ្វ ទំនងជាត្រូវបានផ្សះផ្សាអំឡុងការសន្ទនាតាមទូរស័ព្ទរវាងលោក Putin និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា លោក Putin បានសូមអភ័យទោសចំពោះការអះអាងរបស់ប្រមុខការទូតរុស្ស៊ីដែលថា Hitler ជាផ្នែកមួយនៃពួកជ្វីហ្វ។ ការិយាល័យរបស់លោក Bennett បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទទួលយកការសូមអភ័យទោសពីលោក Putin ទោះបីជាខាងវិមានក្រឹមឡាំងពុំបាននិយាយពីការសូមអភ័យទោសនោះក៏ដោយ៕
អត្ថបទ៖ សុខមាន