ខេត្តកណ្ដាល បានបិទបញ្ចប់យុទ្ធនាការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ នៅតាមក្រុង-ស្រុក ១៣ ទូទាំងខេត្ត ដែលធ្វើឱ្យប្រជាពលរដ្ឋសាទរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលជម្រុញពន្លឿនការចុះបញ្ជីដីជូនពួកគេ ផ្ដល់នូវសុវត្ថិភាព និងភាពកក់ក្ដៅក្នុងការកាន់កាប់ដីធ្លី ។
នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋមកពី ភូមិចំនួន ១៧ ក្នុងឃុំចំនួនបី រួមមាន ឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានប្រមាណ ២៣ ០៦៧ បណ្ណ ។
ពិធីនេះ ជាការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្ដាលផងដែរ ។ នេះគឺជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចាប់តាំងពីអាណត្តិដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់អាណត្តិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ ក៍ដូចជាភាពកក់ក្ដៅពិតប្រាកដលើការកាន់កាប់ដីធ្លី ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីនៅខេត្តកណ្ដាល ។
ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីសម្ដេចធិបតីផ្ទាល់នៅថ្ងៃនេះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៃខេត្តកណ្ដាល ដែលបានពន្លឿនការចុះបញ្ជី ដើម្បីឱ្យពួកគេឆាប់ទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ និងអាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដីធ្លីរបស់ពួកគេប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ។ ថ្លែងប្រាប់ BTV ពលរដ្ឋមួយចំនួនដែលជាតំណាងទទួលបណ្ណកម្មសិទ្ធិពីសម្ដេចធិបតីផ្ទាល់ ជាប្រភេទដីមណ្ឌលសុខភាព ដីសាលារៀន និងដីលំនៅដ្ឋានជាដើម លើកឡើងថា កាលពីមុន ពួកគេមានការបារម្ភពីការរំលោភបំពានចូលបន្តិចម្ដងៗ ខណៈដីមិនទាន់មានប្លង់ត្រឹមត្រូវ ពិបាកក្នុងកំណត់ព្រំ ប៉ុន្តែពេលនេះដីមានប្លង់ច្បាស់លាស់ ពួកគេលែងបារម្ភពីការរំលោភបំពានតទៅទៀត ។ បន្ថែមលើនោះ ពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីលំនៅដ្ឋាន ពួកគេ នឹងយកទៅប្រើប្រាស់ ដូចជា អាចលក់ដូរ ដាក់បញ្ចាំជាដើម ដើម្បីយកដើមទុនមកពង្រីកមុខរបរបន្ថែម និងអាច់ចាត់ចែងជាមរតកដល់កូនចៅផងដែរ ។ ពលរដ្ឋដែលទទួលបានបណ្ណរួចហើយ អំពាវនាវដល់ពលរដ្ឋដែលមិនទាន់បានដកបណ្ណ សូមរួសរាន់ទៅដកបណ្ណកម្មសិទ្ធិមករក្សាទុកឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ព្រោះជាមរតកដ៍មានតម្លៃសម្រាប់គ្រួសារនីមួយៗ ។
គួរឱ្យដឹងថា ខេត្តកណ្ដាលមាន ១៣ ក្រុង ស្រុក ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ក្បាលដី ក្នុងនោះបាន វាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យ ៨៦៦ ៧០០ក្បាលដី ស្មើនឹង ១០០ភាគរយ ចេញបណ្ណចំនួន ៧៨៥ ៦៣៦បណ្ណ ចែកដល់ដៃពលរដ្ឋចំនួន ៥២២ ៥៥៨ បណ្ណ និងបណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ ។ ទន្ទឹមនេះ មន្ទីររៀបចំដែនដីខេត្ត កំពុងបែងចែកបណ្ណដែលពលរដ្ឋមិនទាន់មកទទួល ទៅតាមការិយាល័យច្រកចេញចូលតែមួយនៃក្រុង-ស្រុក ទាំង១៣ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋបន្តបន្ទាប់ទៀត ។ អត្ថបទ៖ គន្ធា








