UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញពិភពលោកឲ្យរួបរួមគ្នាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយហៅសង្គ្រាមនៅអ៊ុយក្រែនថា គ្មានន័យ គ្មានមេត្តា និងគ្មានដែនកំណត់ ចំពោះវិសាលភាពនៃការបំផ្លិចបំផ្លាញដល់ពិភពលោក។

មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា មានត្រឹមតែបទឈប់បាញ់មួយថ្ងៃនឹងការពារការស្លាប់ និងរបួសរបស់ជនស៊ីវិលរាប់សិបនាក់ និងអនុញ្ញាតឱ្យមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតភៀសខ្លួនចេញពីការវាយប្រហាររបស់រុស្ស៊ី។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែន បានស្តាប់របាយការណ៍សង្ខេបពីលោក Guterres ស្តីពីជំនួបរបស់លោកនាពេលថ្មីៗនេះជាមួយប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ដែលនាំឱ្យមានការជម្លៀសមនុស្សចំនួន ២ដងជាលើកដំបូងក្នុងសប្តាហ៍នេះពីទីក្រុង Mariupol ភាគអាគ្នេយ៍ដែលត្រូវបានឡោមព័ទ្ធ និងជាមូលដ្ឋានចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែនគឺរោងចក្រដែកថែប Azovstal។

ប្រធានផ្នែកមនុស្សធម៌លោក Martin Griffiths បាននិយាយថា ក្បួនរថយន្តទី៣ បានចាកចេញពីទីក្រុង Mariupol កាលពីថ្ងៃព្រហស្បតិ៍ដោយរំពឹងថានឹងមកដល់នៅព្រឹកថ្ងៃសុក្រ ហើយសង្ឃឹមថានឹងមានការជម្លៀសជនស៊ីវិលចេញពីរោងចក្រនេះបន្តទៀត។ លោក Guterres បាននិយាយថា លោកមិនខ្លាចទេក្នុងការនិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ការវាយប្រហារពីប្រទេសរបស់លោកកាលពីថ្ងៃទី២៤ ខែកុម្ភៈលើអ៊ុយក្រែនគឺជាការរំលោភលើបូរណភាពទឹកដីរបស់ប្រទេស និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយរុស្ស៊ីត្រូវតែបញ្ចប់ដើម្បីជាប្រយោជន៍ដល់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី និងពិភពលោកទាំងមូល៕
អត្ថបទ៖ សុខមាន