វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Andy Murray បានដកខ្លួនចេញពីការប្រកួតទល់នឹងកីឡាករលេខ ១ ពិភពលោក Novak Djokovic នៅ Madrid Open ហើយដោយសារជំងឺ។ កីឡាករស្កុតឡេនវ័យ ៣៤ឆ្នាំរូបនេះគ្រោងជួបជាមួយកីឡាករកំពូល Djokovic នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

Andy Murray ឡើងមកដល់វគ្គនេះក្រោយយកឈ្នះជើងឯក US Open កីឡាករអូទ្រីស Dominic Thiem នៅជុំដំបូង និងបន្តយកឈ្នះកីឡាករកាណាដា Denis Shapovalov នៅជុំទី២។ Andy Murray ដែលបច្ចុប្បន្នមានចំណាត់ថ្នាក់ពិភពលោកលេខ ៧៨ និង Djokovic ជាមិត្តរាប់អានគ្នាតាំងពីក្មេង និងបានជួបគ្នាក្នុងការប្រកួតអាជីពវាយកូនបាល់ ៣៦លើករួចមកហើយ។ ការប្រកួត Madrid Open គឺជាកម្មវិធីប្រកួតសំខាន់មួយផងដែរក្នុងក្របខណ្ឌ ATP ក៏ជាការត្រៀមលក្ខណៈមុនការប្រកួត Grand Slam, French Open ដែលនឹងចាប់ផ្តើមនៅចុងខែនេះផងដែរ៕
អត្ថបទ៖នាង សុភាវុធ