ភ្នំពេញ៖ តំណាងគណបក្សនយោបាយនានា ដែលនឹងចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន បានចុះពិនិត្យទីតាំងបោះពុម្ភសន្លឹកឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌សម្រាប់គណបក្សទាំងអស់ ។
នៅក្នុងពិធីផ្សព្វផ្សាយ ជូនដល់តំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន អំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា នៅមុនពេលបោះឆ្នោត គឺគ.ជ.ប តែងតែអញ្ជើញគ្រប់ភាគីទាំងអស់ ដើម្បីទៅពិនិត្យនិងសង្កេតមើលសង្វាក់ នៃកន្លែងផលិតសន្លឹកឆ្នោតជាក់ស្ដែង ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅមិនដល់១ខែទៀតនោះ ។
ឯកឧត្តម បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មាន ១៦៥២ ឃុំ-សង្កាត់ ហើយសន្លឹកឆ្នោតត្រូវផលិតចំនួន ១ ៦៥២ប្រភេទ ទៅតាមឃុំសង្កាត់ បានន័យថា ឃុំសង្កាត់នីមួយៗជាមណ្ឌលបោះឆ្នោត ហើយសន្លឹកឆ្នោតតាមឃុំសង្កាត់នីមួយៗ ត្រូវធ្វើទៅតាមចំនួនគណបក្ស ដែលបានឈរបេក្ខជន និងតាមការចាប់លំដាប់លេខរៀង ។
បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ គឺតួលេខនៃការបោះពុម្ភសន្លឹកឆ្នោត ត្រូវនឹងចំនួនបញ្ជីឈ្មោះនៅក្នុងការិយាល័យ និងបូកចំនួន ចន្លោះពី២៥ ទៅ៧៤សន្លឹក ហើយនៅទូទាំងប្រទេស សន្លឹកឆ្នោតមានចំនួន ៩ ២០៥ ៦៨១នាក់ និងការិយាល័យបោះឆ្នោតមានចំនួន ២៣ ៦០២ការិយាល័យ ហើយសម្រាប់សន្លឹងឆ្នោតត្រៀមបម្រុងមានចំនួន ១ ២៣៩ ០០០សន្លឹក ។
គួរបញ្ជាក់ថា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ ចូលរួមឈរឈ្មោះ ហើយគណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ទាំង១ ៦៥២ឃុំ-សង្កាត់ ៕ អត្ថបទ បាន សុខរិទ្ធិ
