WHO៖ អង្គការសុខភាពពិភពលោកនិយាយថា មនុស្សជិត ១៤លាន ៩សែននាក់បានស្លាប់នៅទូទាំងពិភពលោកដោយសារការជាប់ពាក់ព័ន្ធផ្ទាល់ និងមិនផ្ទាល់នឹងវីរុស COVID-19 កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។ ចំនួននេះជិតស្មើ ៣ដងនៃចំនួនមនុស្សស្លាប់ដោយសារជំងឺនេះ ដែលត្រូវបានរាយការណ៍ពីបណ្ដាប្រទេសរយៈពេល ២ឆ្នាំមកនេះ។

ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 បានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលនោះមានប្រមាណ ៥លាន ៤សែននាក់។ អង្គការសុខភាពពិភពលោកបានគណនាទិន្នន័យរបស់ខ្លួន ដោយប្រើគំរូគណនាពីអត្រាស្លាប់ខ្ពស់ក្នុងស្ថានភាពទូទៅ ដែលប៉ាន់ប្រមាណពីភាពខុសប្លែកគ្នារវាងចំនួនអ្នកស្លាប់ ដោយសារមូលហេតុទាំងឡាយដែលត្រូវគេរំពឹងថា ដោយមិនជាប់ពាក់ព័ន្ធនឹងវីរុសរាតត្បាតសកល។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសុខភាពពិភពលោក ទទួលបន្ទុកគ្រប់គ្រងទិន្នន័យ និងវិភាគបាននិយាយថា ដោយសារការវិនិយោគត្រូវបានកំណត់នៅក្នុងប្រព័ន្ធទិន្នន័យក្នុងប្រទេសជាច្រើន ចំនួនអ្នកស្លាប់ពិតប្រាកដជារឿយៗត្រូវបានលាក់បាំង។ លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ទិន្នន័យជាក់លាក់ចាំបាច់ណាស់ សម្រាប់បណ្ដាប្រទេសត្រូវអភិវឌ្ឍប្រព័ន្ធផ្ទុកព័ត៌មាន ដែលអាចជួយដល់សេវាសុខភាពយ៉ាងច្រើនអំឡុងវិបត្តិជំងឺរាតត្បាតសកលនេះ៕
អត្ថបទ៖ សុខមាន