ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំពិធីចាប់ឆ្នោតផ្លូវការ និងប្រកាសបើករដូវកាលខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ស្ទូឌីយ៉ូស្ទឹងមានជ័យ)។
យោងតាមការជូនដំណឹងរបស់ CPL កម្មវិធីនេះ នឹងមានការចូលរួមពីតំណាងក្លិបបាល់ទាត់ទាំង ១១ ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងរដូវកាល២០២៦/២៧ រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា ហើយក៏នឹងមានការចូលរួមប្រព័ន្ធផ្សព្វផ្សាយ កីឡាករ និងអ្នកគាំទ្រជាច្រើនរូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ មុនពេលរដូវកាលថ្មីចាប់ផ្តើម ផងដែរ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រៅពីការចាប់ឆ្នោត ដើម្បីកំណត់កាលវិភាគប្រកួត ពិសេសកម្មវិធីប្រកួតសប្ដាហ៍ដំបូង សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ក៏នឹងមានការបង្ហាញពានផ្លូវការរបស់លីគកំពូលកម្ពុជា ដែលត្រូវដាក់ឲ្យបណ្ដាក្លិបសមាជិកធ្វើការប្រកួតប្រជែង។ បន្ថែមលើនេះ ក៏នឹងមានការបង្ហាញយុទ្ធនាការ និងការប្រកាសព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងដំណើរការប្រកួតលីគកំពូលកម្ពុជា នារដូវកាលថ្មីផងដែរ។
សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយរក្សាក្លិបចូលរួមចំនួន ១១ក្រុម ដូចកាលពីរដូវកាលមុនដដែល៕ អត្ថបទ លី ឈុនឡា

