ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់ អាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺជាឱកាសផ្លាស់ប្តូរទស្សនៈ និងបទពិសោធនគ្នាទៅវិញទៅមក ដើម្បីរៀបចំជាជំនួយមនុស្សធម៌ជូនប្រជាជនមីយ៉ាន់ម៉ា។
ឯកឧត្តម សង្កត់ធ្ងន់ថា ក្នុងនាមគ្រួសារសហគមន៍អាស៊ាន ត្រូវធ្វើយ៉ាងណាមិនឱ្យប្រជាជនមីយ៉ាន់ម៉ា ណាម្នាក់ ត្រូវបានទុកចោលឡើយ។
ជាមួយគ្នានេះ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន មានប្រសាសន៍ថា អាស៊ានត្រូវជួយគ្នាទៅវិញទៅមកផ្អែកលើបញ្ហាសុខភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ដោយការចែកចាយជំនួយមនុស្សធម៌ពីដៃគូសន្ទនានានា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុតដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។
កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមនូវការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថា នឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ាផងដែរ៕ អត្ថបទ សេក ឧត្តម