គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និងសហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការបានកើនដល់ប្រមាណ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ក្នុងនោះរោងចក្រធុនធំមានចំនួន ៣.៣១៩ រោងចក្រ និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់។
ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ លើវិស័យគាំទ្រកំណើនសេដ្ឋកិច្ច ក្នុងនោះវិស័យកម្មន្ត សាលបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជា ដោយត្រូវបានប៉ាន់ស្មានថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ បានកើនឡើង ៧% ទាបជាងឆមាសទី១ឆ្នាំមុន ដែលសម្រេចក្នុងរង្វង់ជាង (១០%)។ ចំណែកអនុវិស័យកម្មន្តសាល កាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើងត្រឹម ៦,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (១៤%) ដោយសារការថយចុះនៃតម្រូវការខាងក្រៅ ជាពិសេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ជុំវិញការនាំចេញ, សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារដ៏ចម្បង ដោយសមាមាត្រនាំចេញផលិតផលកាត់ដេរទៅសហរដ្ឋអា មេរិក ធៀបនឹងការនាំចេញផលិតផលកាត់ដេរសរុប បានកើនឡើងពី ២៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទៅជាង ៤៣% ក្នុងឆមាស ទី១ក្នុងឆ្នាំនេះ ខណៈដែលទីផ្សារអឺរ៉ុបបានថយចុះពីជាង ៣៤% មកជាង ២៥%។ ចំពោះការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ បានថយកំណើនមកត្រឹមជាង ៧% ទៅជិត ១០% កាលពីគ្រាដូចគ្នាឆ្នាំមុន។
ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង ៧,៧% ខ្ពស់ជាងគ្រាដូចគ្នាឆ្នាំមុន (៦,៣%) ស្របតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ច ការបន្តស្វែងរកទីផ្សារសំខាន់ៗបន្ថែម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្សេងៗ ។ កំណើននេះត្រូវបានគាំទ្រជាចម្បង ដោយផលិតផលកម្មន្តសាលសម្រាប់នាំចេញសំខាន់ៗដូចជា សំបកកង់យានយន្ត កើន ១២៧%, លោហៈនិងផលិតផលធ្វើពីលោហៈ កើនជាង ១៦៥% និងគ្រឿងអេឡិចត្រូនិកកើនជាង ៥១% ដោយការនាំចេញផលិត- ផលទាំងនេះ ជាចម្បងទៅទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លើសពីនេះ ផលិតផលកម្មន្តសាលផ្នែកម្ហូបអាហារ និងភេសជ្ជៈ ត្រូវបានប៉ាន់ស្មានថា កើនឡើងជាង ១១៩% និងជាង ១១% រៀងគ្នា ដែលជាចម្បងដោយសារនិន្នាការគាំទ្រ និងកំណើនតម្រូវការ ផលិតផលក្នុងស្រុកបន្ទាប់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ជុំវិញវិស័យនេះដែរ, គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រ និងសហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរ ការ បានកើនដល់ ៤៧,៧ ពាន់រោងចក្រ-សហគ្រាស ដែលក្នុងនោះរោងចក្រធុនធំ មានចំនួនជាង ៣,៣ ពាន់រោងចក្រ បានកើនជិត ២៥% (និង ១៨% ក្នុងគ្រាដូចគ្នាឆ្នាំមុន) និងមានកម្លាំងពលកម្មចំនួន ១,៣ លាននាក់ ខណៈសហគ្រាសធុនតូច និងមធ្យម (SMEs) មានចំនួនជាង ៤៤,៣ ពាន់សហគ្រាស បានកើន ០,៣% (និង -០,១ ឆ្នាំមុន) និងមានកម្លាំងពលកម្មចំនួន ៥០ ម៉ឺន នាក់។ ទន្ទឹមនេះការវិនិយោគផ្ទាល់បរទេសទៅកាន់វិស័យកម្មន្តសាល ត្រូវបានប៉ាន់ស្មានថា ថមថយត្រឹម ១៤% ក្នុងឆមាសទី១ ឆ្នាំ ២០២៦ (និងជាង ៤២% ក្នុងឆមាសទី១ឆ្នាំមុន)៕ អត្ថបទ៖ សុន រ៉ាឌី


