UN៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ៥លាន ៦៥ម៉ឺននាក់បានរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមបើកការវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ការិយាល័យឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួន អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ៣លាន ៩សែននាក់បានឆ្លងព្រំដែនចូលទៅប្រទេសជិតខាងប៉ូឡូញ និងជាង ៨៤៦,០០០នាក់ចូលទៅកាន់ប្រទេសរ៉ូម៉ានី។ ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា មនុស្សប្រហែលជាង ៥៣៩,០០០នាក់បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសហុងគ្រី និងប្រមាណ ៤៤៩,០០០នាក់ចូលទៅកាន់ប្រទេសម៉ុលដូវ៉ា។ ប្រភពដដែលនេះបានបន្ថែមទៀតថា មនុស្សប្រមាណ ៧០៣,០០០នាក់បានធ្វើដំណើរចូលទៅប្រទេសរុស្ស៊ី។

ចំណែកមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សមួយរូប របស់អង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិបានកត់ត្រាអ្នកស្លាប់ជាជនស៊ីវិលចំនួន ៦,៧៣១នាក់ក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេលជាង ៧០ថ្ងៃមកនេះ។ លោកស្រី Michelle Bachelet បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ស្ថានភាពដែលឆក់យកជីវិតមនុស្សដ៏ច្រើននេះបង្ខំឲ្យលោកស្រីត្រូវតែនិយាយថា ក្ដីកង្វល់របស់យើងទាំងអស់គ្នាស្ថិតនៅចំពោះមុខ ហើយស្ថានភាពនេះចេះតែធ្លាក់ដុនដាប៕
អត្ថបទ៖ សុខមាន