ភ្នំពេញ៖ ដើម្បីថែទាំសុខភាព កុំឱ្យឈឺក្នុងរដូវវស្សា មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យ និងពិសារអាហារឱ្យបានគ្រប់គ្រាន់។
ខណៈរដូវវស្សាចូលមកដល់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែឧសភានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សវ័យចាស់ជាក្រុមប្រឈម ត្រូវរក្សាអនាម័យ ពិសារទឹកស្អាត និងទទួលទានអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការកុំឱ្យឈឺ។
ក្នុងរដូវ វស្សា ជំងឺដែលអាចកើតមានឡើង មានដូចជា៖ ជំងឺផ្លូវដង្ហើម បង្ករឡើងដោយសារជំងឺកូវីដ-១៩ និងមិនមែនកូវីដ-១៩ ជំងឺបង្ករឡើងដោយសារមូសខាំ គ្រុនឈាម និងគ្រុនឈីក ជាដើម។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយថ្មីៗនេះ បានឱ្យ ដឹងថា ដើមរដូវវស្សាឆ្នាំនេះ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពី មធ្យមទៅច្រើន និងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ លាយឡំ ផ្គរ រន្ទះ និងខ្យល់គួច រយៈពេលខ្លី កើតមានច្រើន។
ពាក់កណ្តាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀង នឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងអាច ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀង លាយឡំផ្គរ រន្ទះ និង បណ្តុះខ្យល់គួច បន្តកើតមានច្រើន ក្នុងនោះអាចបណ្តាលឱ្យបណ្តារាជធានីខេត្តមួយចំនួន ដែលមានភូមិ សាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមនឹងជំនន់ទឹកភ្លៀង។ រីឯចុងរដូវវស្សាវិញ អាច នឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ដែលមានភ្លៀង លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មធ្យម៕អត្ថបទ៖ ទូច សោភ័ណ