កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បងប្អូន កូនចៅ នៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ បាននិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង ជាបងប្រុសបង្កើតរបស់សម្តេច ដែលបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តម ហ៊ុន ណេង ត្រូវបានតម្កល់ធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន របស់ឯកឧត្តម នៅភូមិទី៧ សង្កាត់កំពង់ចាម ស្រុកកំពង់ចាម ខេត្តកំពង់ចាម។
នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ព.ស. ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។
ឯកឧត្តម ហ៊ុន ណេង គឺជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះ ស្រី ៣ នាក់។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង រូចឆេង នៅឆ្នាំ ១៩៧១ និងមានបុត្រាបុត្រីចំនួន ៦ នាក់ក្នុងនោះស្រី ៣នាក់។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ ឯកឧត្តមបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាពាមកោះស្នា និងបន្តនៅអនុវិទ្យាល័យស្ទឹងត្រង់។ ជាបន្តបន្ទាប់ ឯកឧត្តមបានខិតខំបន្តការសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ ១៩៩៧។ មិនតែប៉ុណ្ណោះឯកឧត្តមក៏បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួនផងដែរ។
ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ឯកឧត្តម ហ៊ុន ណេង ស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ឯកឧត្តមបានចូលបម្រើក្នុងកងទ័ពនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ចាប់ពីពេលនោះរហូតមក ដោយសារឯកឧត្តមមានបញ្ញាឈ្លាសវៃ និងមានសមត្ថភាព ឯកឧត្តមក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖ ជាប្រធានមន្ទីរខេត្តកំពង់ចាមនៅឆ្នាំ១៩៧៩ ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ ជាអភិបាលស្រុកក្រូចឆ្មារនៅឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និងវិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥។ ឯកឧត្តមបានចូលនិវត្តនៅឆ្នាំ២០១៣ និងត្រូវបានឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។
ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោកក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ។ ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង ពិសេសពេលវេលាដែលបានមកដឹកនាំនៅខេត្តកំពង់ចាម ឯកឧត្តមតែងតែបំពេញការងារសង្គមការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍនៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យឯកឧត្តមទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ៕ អត្ថបទ ៖ បាន ចក់







