បាត់ដំបង ៖ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាលការពារព្រំដែនគោកទាំងអស់ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឲ្យពលរដ្ឋ ឬ ពលករខ្មែរចេញ-ចូលដោយខុសច្បាប់បន្តទៀតនោះឡើយ ។
ថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី តាមរយៈសាអេឡិចត្រូនិច (តេលេក្រាម) នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ពាក់កណ្តាលខែ មីនា ឆ្នាំ២០២១នេះ មានពលករ និងពលរដ្ឋខ្មែរបានវិលត្រឡប់មកពីប្រទេសថៃវិញតាមច្រកទ្វាអន្តរជាតិ មានចំនួន៥២.២៣៥នាក់ ក្នុងនោះ តាមច្រកទ្វាព្រំដែននៅយោធភូមិភាគទី៥ចំនួន៣៦.៣៤៧នាក់ តាមយោធភូមិភាគទី៤ចំនួន១៥.៨៨៨នាក់ ហើយពួកគាត់ត្រូវបានចាត់វិការស្របទៅតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាលទាំងអស់ផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមទៀតថា «នគរបាលការពារព្រំដែនគោកទាំងអស់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជាដោយហាមដាច់ខាត មិនឲ្យមានការលួចឆ្លងដែនខុសច្បាប់ ចាប់តាំងពីខែមករាមក ហើយប្រសិនជាមានគឺដាច់ខាតមិនឲ្យចេញ ហើយមួយទៀត បើចូលគឺត្រូវតែឃាត់ពួកគាត់ដោយឲ្យធ្វើចត្តាឡីស័កគ្រប់ៗគ្នាទាំងអស់ ខណៈបទបញ្ជាថ្មីរបស់រាជរដ្ឋាភិបាល នៅក្នុងខែមីនានេះ បងប្អូនចូលពីថៃមកគឺត្រឹមតែពិនិត្យសុខភាព វាស់កម្តៅ ហើយបើគ្មានបញ្ហាអ្វីទេគឺតម្រូវឲ្យទៅធ្វើចត្តាឡីស័កក្នុងសហគមន៍»។
ឯកឧត្តម លៀង ភារម្យ បានលើកឡើងផងដែរថា នគរបាលការពារព្រំដែនគោកទាំងអស់ បានអនុវត្តយ៉ាងម៉ឺងម៉ាត់ រាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាល ដែលបានដាក់ចេញ រក្សាវិធានការ«៣ការពារ ៣កុំ»បើទោះបីជាពួកគាត់បានប្រឈមជាមួយបងប្អូនពលករផ្ទាល់ក៏ដោយនោះ៕
អត្ថបទបាន ចក់





