តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។

ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណកម្មការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យម (SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ ក្នុងនោះ នៅពេលត្រូវពង្រីកខ្លួន ពួកគេត្រូវយល់អំពីការទទួលបានហិរញ្ញប្បទាន ឯកសារតម្រូវ អនុលោមភាព ឬលក្ខខណ្ឌផ្សេងៗទៀត ដើម្បីទទួលហិរញ្ញប្បទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រាប់យកទៅវិនិយោគ។ ទាក់ទិនសម្រាប់ធុរកិច្ច, តើធ្វើអ្វីខ្លះ ដើម្បីលើក កម្ពស់នូវការទទួលបានហិរញ្ញប្បទាន ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី?

ជុំវិញធុរកិច្ចនេះ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មិនមានគម្រោងវិនិយោគ TOR (Terms of Reference) ក្នុងការវិនិយោគធុរកិច្ចថ្មី (Starup) ឬ សហគ្រាសធុនតូច និងមធ្យម (SME) នោះទេ។ បញ្ហានេះ, មិនថាទទួលបានហិរញ្ញប្បទាន ឬក៏អត់នោះ បញ្ហានេះគឺជាសមត្ថភាពរបស់ Starup និង SME ។ ចំណែកសម្រាប់ Starup គឺចាំបាច់ត្រូវមានភាពរឹងមាំ និងមានសក្តានុពល ដោយក្នុងនោះមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្កើតការប្រកួតប្រជែងចំនួន២ដងនៅក្នុងមួយឆ្នាំ ជាក់ស្តែងនៅក្នុងរយៈពេល៦ឆ្នាំមកនេះ មជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” បានជួយជ្រោមជ្រែងដល់ធុរកិច្ចថ្មី មានចំនួន ៨១ ក្រុមរួចមកហើយនៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងនោះឃើញ ថា មានចំនួន ៥០ Starup បានកំពុងដំណើរការនៅលើទីផ្សារបច្ចុប្បន្ន និងចំនួន ១៧ Starup ផ្សេងទៀត មានការវិនិយោគពីខាង ក្រៅជាប្រចាំផងដែរ។

ចំណែក Khmer Enterpise, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិសហ- គ្រិនខ្មែរ លើកឡើងថា សហគ្រិនខ្មែរបានជួយជាមូលនិធិឥតសំណង តាមរយៈការប្រកួតប្រជែងដល់សិស្ស និស្សិត ក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម បានចំនួនជាង១ពាន់រួចមកហើយ ក្នុងនោះអ្វីដែលពួកគាត់ត្រូវយល់ដឹង គឺការប្រើប្រាស់ថវិកាដែលមាន នៅលើលទ្ធផលដែលលក់បានក្នុងជំហានដំបូង។ ចំណែកមួយទៀត នៅពេលសហគ្រិនខ្មែរផ្តល់មូលនិធិនេះ ត្រូវធានាថា ពួកគាត់ទទួលបានការអប់រំ និងការបណ្តុះបណ្តាលពីសហគ្រិនខ្មែរបានសមស្រប សម្រាប់ការរីកចម្រើននៅក្នុងអាជីវកម្ម។
ឯកឧត្តមបណ្ឌិត បន្ថែមថា ជុំវិញការបណ្តុះគំនិតក្នុងអាជីវកម្មនេះ មានការគាំទ្រហិរញ្ញប្បទានតែមួយផ្នែកគឺមិនគ្រប់គ្រាន់ នោះទេ ដោយក្នុងនោះពួគគាត់ត្រូវបង្កើតនូវទំនាក់ទំនងល្អ លើការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការកសាងទំនុកចិត្ត ការយល់ដឹងពីបរិបទសង្គម និងការសម្របសម្រួលការងារជាក់ស្តែង និងស្គាល់ពីតម្រូវការជាក់ស្តែងក្នុងតំបន់ ដើម្បីធ្វើឱ្យគម្រោង ទទួលបានជោគជ័យដោយនិរន្តរភាព៕ អត្ថបទ៖ សុន រ៉ាឌី
