កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១,១ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ៤៨ ភាគរយ ធៀបរយៈពេលដូចគ្នា និងឆ្នាំមុន ដែលនេះជាផលិតផលមួយកំពុងនាំមុខ នៃការនាំចេញក្នុងវិស័យ កសិកម្មកម្ពុជា។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការដាំដុះ និង ការនាំចេញគ្រាប់ស្វាយចន្ទីនេះថា ជុំវិញការដាំដុះស្វាយចន្ទីកម្ពុជា គឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំនៅលើពិភពលោក ហើយនៅក្នុងឆ្នាំ២០២៦នេះ ដោយសារកសិករបានដាំស្វាយចន្ទីថ្មី ធ្វើឱ្យពួកគាត់ប្រមូលផលបានគួរសម ទោះបីជួបបញ្ហាអាកាសធាតុខ្លះៗក៏ដោយ។
លោកបន្តថា ស្របពេលកម្ពុជាទទួលបានទិន្នផលល្អប្រសើរ, ចំពោះការលក់លើទីផ្សារក៏មានតម្លៃល្អផងដែរ ដោយសារមាន តម្រូវការខ្ពស់នៅប្រទេសវៀតណាម ឥណ្ឌា និងមួយចំនួននៅប្រទេសចិន ខណៈនៅតំបន់អាហ្រ្វិចត្រូវបានបិតមិនឱ្យនាំចេញច្រើន ធ្វើឱ្យអ្នកកែច្នៃនៃប្រទេសខាងលើនេះ បានបញ្ជាទិញនៅកម្ពុជាយ៉ាងផុលផុស ហើយមកដល់ពេលនេះនៅតែមានការដើរប្រមូល បញ្ជាទិញ ក្នុងនោះតម្លៃលក់ចេញនៅដើមរដូវ ក្នុងមួយគីឡូក្រាម មានតម្លៃជាង ៦ ពាន់រៀល (គ្រាប់ចន្ទីស្រស់) និងមកដល់ចុង រដូវនេះ មានតម្លៃជាង ៨ ពាន់រៀល (គ្រាប់ចន្ទីស្ងួត)។ លោកបន្តថា ជុំវិញការផលិតផលស្វាយចន្ទីនេះ ក្នុងនាមលោកតំណាងឱ្យ សមាគម និងក្នុងនាមជាកសិករ លោកពិតជាមានមោទនភាព ខណៈដែលផលិតផលនេះបាននិងកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជា និងចូលរួមក្នុងកំណើនសេដ្ឋកិច្ច និងធ្វើឱ្យកសិករមានជីវភាពធូរធារ ជាពិសេសការជំរុញឱ្យកសិករអាចក្លាយទៅជាកសិ-ពាណិជ្ជករនៅពេលខាងមុខ។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំ មានរោងចក្រមួយកំពុងដំណើរ ដែលមានឈ្មោះថា MIRARTH Agritech ដោយរោងចក្រនោះ កែច្នៃគ្រាប់ស្វាយចន្ទី និងបានកំពុងស្រូបយកគ្រាប់ស្វាយចន្ទីស្រស់ក្នុងស្រុកប្រមាណ ៦ តោន នៅក្នុង១ថ្ងៃៗ សម្រាប់ការកែច្នៃ ហើយ ក្រុមហ៊ុនមួយនេះក៏មានមហិច្ឆិតា ពង្រីកសមត្ថភាពកែច្នៃបន្ថែមទៀតឱ្យបានជាង ២ ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់បម្រើទីផ្សារនាំចេញ ផងដែរ។ ក្រៅពីនេះខេត្តកំពង់ធំ ក៏មានគម្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» ដោយការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បី ប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ។ ការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី





