អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបានបំផ្លិចបំផ្លាញមន្ទីរពេទ្យរាប់រយកន្លែង និងគ្រឹះស្ថានវេជ្ជសាស្ត្រផ្សេងទៀត និងបណ្ដាលឲ្យក្រុមវេជ្ជបណ្ឌិតខ្វះថ្នាំពេទ្យ សម្រាប់ទប់ស្កាត់ដំណាក់កាលជំងឺមហារីក ឬសមត្ថភាពធ្វើការវះកាត់ជាដើម។

លោក Zelenskiy បាននិយាយថា មន្ទីរពេទ្យជាច្រើនកន្លែងខ្វះខាតសូម្បីតែថ្នាំអង់ទីវីយោទិក ដែលជាតម្រូវការមូលដ្ឋាននៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនដែលជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក។ លោក Zelenskiyy បាននិយាយនៅក្នុងសារវីដេអូថ្លែង ទៅកាន់ក្រុមសប្បុរសធម៌វេជ្ជសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ថា បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រគិតត្រឹមថ្ងៃនេះ ទាហានរុស្ស៊ីបានវាយកម្ទេច ឬបង្កការខូចខាតស្ថាប័នសុខាភិបាលជិត ៤០០កន្លែងរួមមានមន្ទីរពេទ្យ បន្ទប់សម្ភព និងគ្លីនិកជាដើម៕
អត្ថបទ៖ សុខមាន