ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក Tom Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ជំរុំជនភៀសសឹក នៃខេត្តបន្ទាយមានជ័យ និងមើលឃើញផ្ទាល់ពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Andrews បានសង្កេតមើលពីសកម្មភាពផ្តល់អាហារតាមសាលារៀន ព្រមទាំងបានជួបសំណេះសំណាលជាមួយអ្នកចម្អិនអាហារ សិស្សានុសិស្ស និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន។ ទស្សនកិច្ចនេះបានរំលេចអំពីតួនាទីដ៏សំខាន់នៃការផ្តល់អាហារសាលារៀន ក្នុងការជួយដល់កុមារឱ្យមានស្មារតីក្នុងការបន្តការសិក្សា ព្រមទាំងធានាថាពួកគាត់ទទួលបានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរបរិបទនៃការរស់នៅនេះ។
បច្ចុប្បន្ន WFP កំពុងផ្តល់ការគាំទ្រដល់កម្មវិធីផ្តល់អាហារតាមសាលារៀនទៅកាន់ទីតាំងជំរុំជនភៀសសឹកចំនួន ៥ ទីតាំង រួមមានខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយកម្មវិធីនេះបានផ្គត់ផ្គង់អាហារទៅដល់សិស្សានុសិស្សជាង ១ ៧០០នាក់ ដែលកំពុងរស់នៅ និងសិក្សានៅក្នុងជំរុំទាំងនោះ៕



