នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ជាថ្ងៃខួបលើកទី១៩ ទិវាឧទ្យានុរក្សពិភពលោក។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សបានប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ឱ្យនៅស្ថិតស្ថេរគង់វង្សតដល់អ្នកជំនាន់ក្រោយ។

ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេសកម្ពុជា ត្រូវបំពេញបេសកកម្មការងារល្បាតនៅក្នុងព្រៃ ដែលអាចប្រឈមមុខនឹងជនល្មើសប្រដាប់អាវុធ ភូមិសាស្ត្រលំបាកៗ និងការឃ្លាតឆ្ងាយពីក្រុមគ្រួសាររាប់សប្ដាហ៍ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ដែលទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។

បើតាមការលើកឡើងរបស់មន្រ្តីឧទ្យានុរក្ស នៅថ្ងៃទី៣១ខែកក្កដានេះ បានឱ្យដឹងថា «ពួកខ្ញុំជាមន្រ្តីឧទ្យានុរក្សមានតួនាទីការពារព្រៃឈើ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញដែលមានផ្ទៃដីសរុបជាង៤ម៉ឺនហិកតា ដោយមានផែនការដើរល្បាតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ហើយរាល់ពេលជួបប្រទះសកម្មភាពបរបាញ់សត្វព្រៃ និងកាប់ឈើខុសច្បាប់ក្នុងពេលល្បាត ក៏មានអារម្មណ៍ភ័យខ្លាចដែរ ប៉ុន្តែនៅតែបន្តការងារនេះ ព្រោះមិនចង់ឃើញសត្វព្រៃ និងព្រៃឈើនៅប្រទេសកម្ពុជាត្រូវបាត់បង់ដោយសារជនខិលខូច»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «មន្រ្តីឧទ្យានុរក្ស គឺជាអ្នកការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ ជារៀងរាល់ថ្ងៃ ពួកគាត់បំពេញបេសកកម្មដោយការលះបង់ខ្ពស់ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ សម្រាប់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។ ក្នុងបរិបទដែលបញ្ហាបរិស្ថានកំពុងវិវឌ្ឍផ្លាស់ប្តូរឥតឈប់ឈរ ការរួមវិនិយោគលើការគាំទ្រសុខុមាលភាព ការអភិវឌ្ឍសមត្ថភាព និងការគាំទ្រប្រតិបត្តិការរបស់មន្ត្រីឧទ្យានុរក្ស គឺមានសារៈសំខាន់ក្នុងការសម្រេចចក្ខុវិស័យរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្តថា កិច្ចការអភិរក្សធម្មជាតិត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងតំបន់ការពារធម្មជាតិនៅកម្ពុជាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដោយកើនពី ២៣ តំបន់ ក្នុងឆ្នាំ១៩៩៩ ដល់ ៧៣ តំបន់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលមានផ្ទៃដីសរុបជាង៧លានហិកតា ស្មើនឹង៣៩ភាគរយនៃផ្ទៃប្រទេស។ តំបន់ទាំងនេះមានសារៈសំខាន់ក្នុងការរក្សាជីវៈចម្រុះ ការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគាំទ្រជីវភាពសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរបញ្ជាក់ដែរថា ទិវាមន្រ្តីឧទ្យានុរក្សពិភពលោក ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែកក្កដា ដើម្បីរម្លឹក និងគោរពដល់ការលះបង់ក្នុងការបំពេញបេសកកម្មរបស់មន្រ្តីឧទ្យានុរក្សនៅទូទាំងពិភពលោក។ នៅកម្ពុជាទិវានេះក៏ជាឱកាសមួយដើម្បីបង្ហាញពីការរួមចំណែករបស់មន្រ្តីឧទ្យានុរក្ស ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការតាមដានស្រាវជ្រាវជីវៈចម្រុះ ការគ្រប់គ្រងហានិភ័យនៃភ្លើងឆេះព្រៃ ការអប់រំបរិស្ថាន និងការសហការរួមជាមួយសហគមន៍មូលដ្ឋានជាដើម៕ អត្ថបទ៖ទូច សោភ័ណ







