តាកែវ៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅជាង ២ពាន់នាក់ មានជំនាញ មានការងារធ្វើបន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

បើយោងតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជន និងពលរដ្ឋទូទៅសរុប ២,៤៩២នាក់ ទទួលបានអាហារូបករណ៍លើ ១២មុខជំនាញ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្តេចធិបតី។

បើយោងតាមវិទ្យាស្ថានដដែលបានឱ្យដឹងថា ជំនាញទាំង១២ នោះរួមមាន៖ ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុន, ការដំឡើង និងថែទាំកាំមេរ៉ាសុវត្ថិភាព, ផ្សារអគ្គិសនី, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការធ្វើម្ហូបខ្មែរ, និងការផលិតនំ។

នៅក្នុងខែសីហានេះ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០១០ ៨៧៨ ៨៣៨/ ០១២ ៧៣៣ ៣០៤/ ០៩៨ ៥២២ ៦៤៥ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ដោយផ្ទាល់ ដែលមានអាស័យដ្ឋាននៅ ភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ៕


