បាល់ទាត់៖ សហព័ន្ធបាល់ទាត់នៃប្រទេសស៊ីលីបានស្នើសុំឱ្យ FIFA ធ្វើការស៊ើបអង្កេតលើក្រុមបាល់ទាត់អេក្វាដ័រ ដែលស៊ីលីចោទប្រកាន់ថា បានដាក់កីឡាករមិនត្រឹមត្រូវចូលប្រកួតក្នុងវគ្គជម្រុះ World Cup នាពេលកន្លងមក។
ពាក្យបណ្ដឹងដែលដាក់ដោយសហព័ន្ធបាល់ទាត់នៃប្រទេសស៊ីលី (FFC) ជាមួយគណៈកម្មាធិការវិន័យរបស់ FIFA បានចោទប្រកាន់ថា កីឡាករ Byron Castillo របស់អេក្វាឌ័រតាមពិតជាជនជាតិកូឡុំប៊ី ហើយបានក្លែងបន្លំអាយុ
FFC អះអាងថា Castillo បានប្រើសំបុត្រកំណើត និងសញ្ជាតិក្លែងក្លាយដើម្បីចុះឈ្មោះជាជនជាតិអេក្វាឌ័រ ហើយប្រសិនបើជាការពិតមែននោះក្រោមច្បាប់របស់ FIFA អេក្វាឌ័រអាចនឹងត្រូវបាត់បង់កៅអី World Cup។
អេក្វាឌ័របានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងវគ្គជម្រុះនៅតំបន់អាមេរិកខាងត្បូង ទទួលបានកៅអីស្វ័យប្រវត្តិក្នុងប្រទេសកាតា នាំមុខប្រទេសប៉េរូដែលត្រូវប្រកួតជាមួយអូស្ត្រាលី ឬអារ៉ាប់រួមក្នុងការប្រកួត Play-Off ក្នុងខែមិថុនា។ FFC បានឱ្យដឹងថា អេក្វាឌ័រគួរតែបោះបង់ការប្រកួតទាំងប្រាំបីដែល Castillo បានលេង ហើយគូប្រកួតនីមួយៗត្រូវទទួលបាន ៣ពិន្ទុ។ ប្រសិនបើអញ្ចឹងមែននោះមានន័យថា ស៊ីលីដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ត្រូវលោតផ្លោះកូឡុំប៊ី និងប៉េរូទៅកាន់កន្លែងស្វ័យប្រវត្តិទី៤៕
អត្ថបទ៖នាង សុភាវុធ