កែប៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបាននឹងកំពុងចុះបញ្ជីតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ការពារទេសភាព ចំនួន៧៤កន្លែងទូទាំងប្រទេសហើយ ប៉ុន្តែការងារបរិស្ថាន មិនអាចយកកម្លាំង ឬធ្វើរបងការពារឲ្យនៅស្ថិតស្ថេរយូរអង្វែងបានទេ ដូច្នេះក្រសួងនឹងកែច្នៃតំបន់ទាំងនោះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះក្រសួងគិតថា មានតែជីវភាពពលរដ្ឋក្នុងមូលដ្ឋានរីកចម្រើនទេ ទើប ជារបងការពារធនធានធម្មជាតិមានប្រសិទ្ធភាពស្ថិតស្ថេរយូរអង្វែង។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រុក្ខវិថី បុប្ផា ប្រសិទ្ធ ប្រវែង៦គឺឡូម៉ែត្រ ជុំវិញភ្នំកែបធំ នៃឧទ្យាន ជាតិកែប នាពេលថ្មីៗនេះ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា បច្ចុប្បន្នក្រសួងបរិស្ថាន បានកំណត់តំបន់ឧទ្យានជាតិ តំបន់ដែលជម្រកសត្វព្រៃ និងតំបន់ការពារទេសភាព សរុបមាន៧៤កន្លែង ហើយដើម្បីការពារ និងអភិរក្សតំបន់ទាំងអស់នេះ ក្រសួងចាប់ផ្តើមចុះបញ្ជីដីធ្លី និងបោះព្រំឲ្យបានគ្រប់កន្លែង ។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីមានរបងការពារឲ្យនៅស្ថិតស្ថេរយូរអង្វែង ក្រសួងប្រើយុទ្ធសាស្ត្រ ច្នៃប្រឌិតបង្កើត ឬធ្វើអ្វីម្យ៉ាងដើម្បីឲ្យតំបន់ឧទ្យាជាតិ តំបន់ការពារដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះក្រសួងជឿថា មានតែជីវភាពពលរដ្ឋក្នុងមូលដ្ឋានរីក ចម្រើនទេ ទើបជារបងការពារធនធានធម្មជាតិមានប្រសិទ្ធភាព និងនៅស្ថិតស្ថេរយូរអង្វែង។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងដែរថា ខេត្តកែប មានសក្ដានុពលធម្មជាតិ ល្អ មិនអាចកាត់ថ្លៃបាន ក្នុងនោះមានកោះចំនួន១២ និងថ្មប៉ប្រះទឹកមួយកន្លែង មានផ្កាថ្ម ស្មៅសមុទ្រ ព្រៃកោងកាង តំបន់អភិវឌ្ឍន៍ភ្នំវល្លិ៍ និងឧទ្យានជាតិមួយកន្លែង នៅចំកណ្តាលទីក្រុងកែប៕
អត្ថបទ៖ អន សារឹម