កំពង់ចាម៖ អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធុនធំដែលបើកឆ្លងកាត់ទំនប់កែប្រែ ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលបានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ចាមឲ្យបានដឹង ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកកំពង់សៀម ដែលកំពុងរងការបាក់ស្រុតជើងទេរទំនប់មួយចំហៀង ដោយសារគ្រោះធម្មជាតិ។ បច្ចប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរតាមផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀងនេះ និងដើម្បីរក្សានូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញសូមធ្វើការផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធន់ធំ។
ទន្ទឹមនឹងនេះ ចំពោះមុខ មន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ និងបន្តជួសជុលស្ថាបនាឡើងវិញ។ អាជ្ញាធរបានជូនដំណឹងបន្ថែម ចំពោះផ្លូវវៀង សូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅតាមផ្លូវភ្នំហាន់ជ័យ ឃុំហាន់ជ័យជំនួសវិញ។ ដោយឡែក សម្រាប់រថយន្តធន់តូច និងម៉ូតូអាចចរាចរជាធម្មតា និងបង្កើនការប្រុងប្រយ័ត្នផង៕










