បាល់ទាត់៖ ក្រុមបាល់ទាត់អាមេរិក Seattle Sounders បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ Concacaf Champions League ដែលជាក្របខណ្ឌក្លិបកំពូលប្រចាំតំបន់អាមេរិកកណ្តាល។ បន្ទាប់ពីលេងជើងទី១ នៅទឹកដីម៉ិកស៊ិករបស់ក្រុមបាល់ទាត់ Pumas UNAM ស្មើគ្នា ២-២ នោះត្រលប់មកកាន់ទឹកដីអាមេរិកវិញ Seattle Sounders បានយកឈ្នះដោយលទ្ធផល ៣-០ សរុបទាំងពីរជើង ៥-២។

LA Galaxy គឺជាក្រុមចុងក្រោយបំផុតនៅក្របខណ្ឌ Major League Soccer របស់អាមេរិកដែលឈ្នះពានរង្វាន់នេះកាលពីឆ្នាំ២០២០ តែនៅពេលនោះពាននេះមានឈ្មោះថា Champions Cup ក្រោមរូបមន្តខុសពីនេះ។ ជ័យជំនះរបស់ Seattle Sounders ក៏បានធ្វើឱ្យពួកគេធានាបានកៅអីនៅព្រឹត្តិការណ៍ FIFA Club World Cup ផងដែរ និងក្លាយជាក្លិបអាមេរិកទីមួយមានមុខនៅព្រឹត្តិការណ៍នេះ។ FIFA Club World Cup ឆ្នាំនេះនឹងធ្វើឡើងនៅទឹកដីចិន តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយ ចំពេលដែល FIFA World Cup នឹងធ្វើឡើងនៅទឹកដីកាតាចុងឆ្នាំនេះ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Concacaf Champions League មានក្រុមចូលរួមមកពីបណ្តាលីគក្នុងប្រទេសនៅតំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប៕
អត្ថបទ៖នាង សុភាវុធ