អ៊ុយក្រែន៖ រយៈពេល ១០សប្ដាហ៍ក្នុងសង្គ្រាមដ៏ឃោរឃៅនៅប្រទេសអ៊ុយក្រែន បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ខណៈមានជនភៀសខ្លួនជាង ៥.៧លាននាក់ និងជាង ៧លាននាក់ផ្សេងទៀតភៀសខ្លួននៅក្នុងប្រទេស ហើយពិភពលោកកំពុងព្យាយាមដើម្បីដោះស្រាយបញ្ហាមួយផ្សេងទៀត គឺផលប៉ះពាល់ដែលមិនបានរំពឹងទុកនៃការបង្អាក់ដល់ការនាំចេញស្រូវសាលី ពោត និងប្រេងឆាផលិតពីផ្កាឈូករ័ត្នពីប្រទេសអ៊ុយក្រែន។
ដោយសារតែការប្រយុទ្ធគ្នា កំពង់ផែច្រើនកន្លែងត្រូវបានបិទនៅតាមបណ្ដោយសមុទ្រខ្មៅ។ លោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកមកពីទីក្រុង Odesa និយាយថា គ្រាប់ធញ្ញជាតិចិញ្ចឹមជីវិតមនុស្សប្រមាណ ៤០០លាននាក់នៅជុំវិញពិភពលោក ហើយកំពង់ផែទាំងនេះត្រូវបានបិទដោយសារតែសង្គ្រាម។ លោកនិយាយថា មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកនឹងស្រេកឃ្លានដល់ស្លាប់ ហើយយើងត្រូវការច្រកទាំងនេះឲ្យបើក យើងត្រូវការវាក្នុងពេលឥឡូវនេះ។

ប្រទេសអ៊ុយក្រែន និងរុស្ស៊ីមានចំណែកមួយភាគបីនៃការនាំចេញស្រូវសាលីសកល ដែលធ្វើឲ្យមនុស្សរាប់លាននាក់នៅទូទាំងអាហ្វ្រិកខាងជើង មជ្ឈិមបូព៌ា និងតំបន់ខ្លះរបស់អាស៊ី ប្រឈមមុខទៅនឹងការបាត់បង់លទ្ធភាពទទួលបានការផ្គត់ផ្គង់ មានតម្លៃសមរម្យដែលពួកគេត្រូវការសម្រាប់ផលិតនំប៉័ង និងមី៕
អត្ថបទ៖ ប៊ុនថន