ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ប្រជាពលរដ្ឋណា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែបានបាត់ ខូច អត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬកំពុងធ្វើតែមិនទាន់បានទទួល សូមអញ្ជើញទៅគណៈកម្មការរៀចំកាបោះឆ្នោតឃុំ-សង្កាត់ ដែលខ្លួនបោះឆ្នោត ដើម្បីឲ្យមន្ត្រីជួយធ្វើលិខិតបញ្ជាក់ ដើម្បីបានសិទ្ធិបោះឆ្នោតនាពេលខាងមុខនេះ ។
នៅក្នុងពិធីផ្សព្វផ្សាយ ជូនដល់តំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន អំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សោម សូលីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ការទៅធ្វើលិខិតបញ្ជាក់នេះ ត្រឹមតែរយៈពេល១ខែ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដូចនេះអ្នកសារព័ត៌មាននានា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងអាណត្តិទី៥នេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនជាង៩លាន ២សែននាក់ ដោយបច្ចុប្បន្ន គ.ជ.ប កំពុងបោះពុម្ភសន្លឹកឆ្នោត ចំនួនជាង ៩២០០ ០០០សន្លឹក រួមទាំងសន្លឹកឆ្នោតត្រៀមបម្រុងចំនួនជាង ១លាន ២សែនសន្លឹកថែមទៀត ហើយមានគណបក្សនយោបាយ នឹងចូលរួមឈរឈ្មោះឆ្នោតចំនួន ១៧គណបក្ស ៕