ហូឡង់៖ ប្រទេសអ៊ីរ៉ង់បានស្នើដល់ក្រុមចៅក្រម នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញបញ្ជាដកទណ្ឌកម្មភ្លាមៗ ដែលសហរដ្ឋអាមេរិកបានដាក់ទៅលើប្រទេសអ៊ីរ៉ង់ នៅថ្ងៃបើកសវនាការក្នុងទីក្រុងឡាអេប្រទេសហូឡង់កាលពីថ្ងៃចន្ទ។
លោក មូសិន មូហេប៊ី ប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់ក្រុមចៅក្រម នៅឯវិមានសន្តិភាពក្នុងទីក្រុងឡាអេថា ទណ្ឌកម្មទាំងនោះជារឿងអយុត្តិធម៌ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ លោកថា ទណ្ឌកម្មទាំងអស់នោះកំពុងបំផ្លាញសេដ្ឋកិច្ចអ៊ីរ៉ង់ និងទាញទម្លាក់ប្រជាពលរដ្ឋរាប់លាននាក់ឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ ប្រទេសអ៊ីរ៉ង់បានស្នើឱ្យចៅក្រមរកឲ្យឃើញថា សហរដ្ឋអាមេរិកបានរំលោភលើកាតព្វកិច្ចរបស់ខ្លួនចំពោះអ៊ីរ៉ង់ និងបញ្ជាឱ្យអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្ម ដោយគ្មានការពន្យារពេលក៏ដូចជាការគំរាមកំហែងណាមួយ ទាក់ទងនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត។ អ៊ីរ៉ង់ក៏កំពុងស្នើសុំចៅក្រមផងដែរ ដើម្បីធានាថាសហរដ្ឋអាមេរិកធានាថា ខ្លួននឹងមិនបំពានលើកាតព្វកិច្ចរបស់ខ្លួនម្តងទៀត ហើយនឹងទូទាត់សងយ៉ាងពេញលេញទៅលើអ៊ីរ៉ង់ ចំពោះការរំលោភលើកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួន។
បណ្ដឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីខែឧសភា បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថាជាផែនការសកម្មភាពរួមគ្នាគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2015។ សហរដ្ឋអាមេរិកបានប្រកាសការដាក់ទណ្ឌកម្មនុយក្លេអ៊ែរពេញទំហឹងលើអ៊ីរ៉ង់ ព្រមទាំងការដាក់គោលដៅទណ្ឌកម្មសេដ្ឋកិច្ចកម្រិតខ្ពស់ដោយផ្ទាល់ ឬដោយប្រយោល ទៅលើក្រុមហ៊ុនរបស់អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ង់ ឬជនជាតិអ៊ីរ៉ង់ជាច្រើន៕
អត្ថបទ៖ សុខមាន