អូឡាំពិក៖ អ្នកគាំទ្រដែលធ្វើដំណើរមកពីបរទេស នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុន នេះបើតាមសេចក្តីប្រកាស របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC កាលពីចុងសប្តាហ៍កន្លងទៅ។
ការសម្រេចចិត្តដែលមិនធ្លាប់មានពីមុនមក ត្រូវបានធ្វើឡើងដោយប្រមុខអ្នករៀបចំ រួមមានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងរដ្ឋបាលទីក្រុងតូក្យូក្នុងអំឡុងកិច្ចប្រជុំមួយ ដែលត្រូវបានធ្វើឡើងតែ ៤ខែប៉ុណ្ណោះមុនពេលព្រឹត្តិការណ៍នឹងចាប់ផ្តើម។ អ្នករៀបចំកម្មវិធីបានព្រមព្រៀងរៀបចំ ការប្រជុំមួយផ្សេងទៀតនៅខែមេសាខាងមុខ ដើម្បីកំណត់ទិសដៅថា តើមានមនុស្សប៉ុន្មាននាក់ នឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនា។ លោក Thomas Bach ប្រធាន IOC បានមានប្រសាសន៍ថា អាទិភាពចម្បងរបស់អ្នករៀបចំ គឺដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់នៃព្រឹត្តិការណ៍ និងប្រជាជននៅជប៉ុនដែលជាម្ចាស់ផ្ទះ។
គិតមកដល់ពេលនេះសំបុត្រចូលទស្សនាអូឡាំពិក និងប៉ារ៉ាឡាំពិកប្រហែល ១លានសន្លឹកត្រូវបានលក់ចេញតាមប្រព័ន្ធអនឡាញ ហើយពួកគេនឹងទទួលបានសំណងត្រលប់ទៅវិញ ក្រោយការសំរេចចិត្តចុងក្រោយនេះ។ ចំនួនករណីឆ្លង Covid-19 នៅក្នុងប្រទេសជប៉ុនមានចំនួនតិចតួច បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀត ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា តើអ្នករៀបចំអាចការពារការរីករាលដាលឆ្លង អំឡុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកដែលនឹងមានអត្តពលិកប្រមាណ ១៥.០០០នាក់មកពីជុំវិញពិភពលោក៕
អត្ថបទ៖នាង សុភាវុធ