ភ្នំពេញ៖ អូស្ដ្រាលីបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដើម្បីគាំទ្រវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និងសុខាភិបាល ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
អូស្ត្រាលី និងកម្ពុជា ក៏បានប្តេជ្ញាចិត្តធ្វើការឱ្យកាន់តែជិតស្និទ្ធដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់របស់ខ្លួន ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ដើម្បីសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាពិសេស ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។
ការបញ្ជាក់របស់ភាគីទាំងពីរនេះនៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជា និងអូស្ដ្រាលី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយមានលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោកជំទាវ កាទ្រីណា ឃូបភើ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។




