ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជួយសិស្សនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតមានប្រសាសន៍ថា MOU នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្រសព្វគ្នា និងមនស្សកាជាតិ ដែលប្ដេជ្ញាចិត្តរួមគ្នា ក្នុងការជួយដល់យុវជនទៅថ្ងៃអនាគត សំដៅលើកកម្ពស់ និងបង្កើនសមត្ថភាពដល់យុវជនជំនាន់ក្រោយ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ជំនឿចិត្តរបស់ អ.ម.ត គឺការខ្វះខាតថវិកា ឬហិរញ្ញវត្ថុ មិនមែនជាកត្តាកំណត់ជោគវាសនា របស់យុវជនណាមួយឡើយ គឺយុវជនទាំងអស់មានសិទ្ធិស្មើណា ទទួលយកនូវការអប់រំ ការបណ្ដុះបណ្ដាល ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អក្នុងថ្ងៃអនាគត ហើយបេសកកម្មរបស់ អ.ម.ត មិនមែនត្រឹមតែជាការផ្ដល់នូវអាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតនូវយន្តការតាមដាន គ្រប់គ្រង ការជ្រោមជ្រែង និងធានាថា ពួកគាត់ដែលទទួលបាននូវអាហារូបករណ៍នេះ អាចបញ្ចប់នូវការសិក្សា ដោយជោគជ័យ និងជាកម្លាំងចលករមួយ សម្រាប់សង្គមជាតិយ៉ាងពិតប្រាកដ។
លោកជំទាវបណ្ឌិតបានបន្ថែមថា រាល់ការវិវឌ្ឍផ្នែកសង្គម ផ្នែកសេដ្ឋកិច្ច និងការវិនិយោគលើមូលធនមនុស្ស គឺជាតម្រូវការដ៏ចាំបាច់មួយ ហើយគោលគំនិតនេះ ស្របទៅនឹងវិស័យទីមួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក្នុងន័យនេះ ការបណ្ដុះបណ្ដាលមូលធនមនុស្ស ឲ្យមានទាំងចំណេះដឹងសមត្ថភាព ជំនាញឯកទេសច្បាស់លាស់ និងគុណធម៌ប្រចាំជីវិត គឺជានិរន្តរភាពពិតប្រាកដរបស់ជាតិ ហើយជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា និងទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា MOU នេះ ជាសក្ខីភាពដែលបង្ហាញពីភាពចាំបាច់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ លើការងារស្នូលសំខាន់ៗដូចជា៖ ការតម្រង់ទិសការសិក្សា និងការងារ, ការចែករំលែកបទពិសោធន៍សិក្សា និងចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពសម្រាប់សតវត្សទី២១ ។
ឯកឧត្តម បានបន្ថែមថា ចាប់តាំងពីមានការផ្ទុះអាវុធ នៅតាមព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអប់រំ បានសម្របសម្រួលឱ្យនិស្សិត វិលត្រឡប់មកពីប្រទេសថៃ ចូលរៀនដោយមិនបង់ថ្លៃ ក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ” ចំនួន៩លើក សរុប១ ២៦០នាក់។ ក្នុងនោះមាននិស្សិតចំនួន ៦៧១នាក់ (ស្រី ៣២៣នាក់ ព្រះសង្ឃ ១៣អង្គ) បានចុះឈ្មោះចូលរៀនជាក់ស្តែង និងមានក្នុងប្រព័ន្ធទិន្នន័យ អ.ម.ត មានតាំងពីកម្រិតបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត និងវេជ្ជបណ្ឌិតឯកទេស។ បន្ថែមលើនេះ អតីតនិស្សិតអាហារូបករណ៍មូលនិធិព្រីនស៍ចំនួន ២៨៤នាក់ ត្រូវបានផ្ទេរចូលក្នុងប្រព័ន្ធទិន្នន័យរបស់ អ.ម.ត ផងដែរ។
គួរបញ្ជាក់ថា យោងតាមស្ថិតិ អ.ម.ត. គ្រឹះស្ថានឧត្តមសិក្សានានា ក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អាហារូបករណ៍ជូនសមាគម អ.ម.ត សរុបចំនួន ៣៩ ៤៤០កន្លែង ចាប់ពីឆ្នាំ២០០៨ មក។ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាប្រមាណ៦២ បានផ្តល់អាហារូបករណ៍ជាប្រចាំឆ្នាំ សរុបប្រមាណ ២ ៨០០កន្លែង នៅទូទាំងប្រទេស៕ អត្ថបទ បាន សុខរិទ្ធិ






