ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបន្តក្នុងតំបន់ហ្កាហ្សានៅថ្ងៃទីពីរជាប់ៗគ្នានៅថ្ងៃអាទិត្យនេះ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់បួននាក់ ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសពីការទម្លាយភាពទាល់ច្រកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅដែនដីហ្កាហ្សាកាលពីឆ្នាំមុនក៏ដោយ។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងហ្កាហ្សា និងទីក្រុង Deir al-Balah។
ក្រុមគ្រូពេទ្យនិយាយថា បុរសម្នាក់ និងភរិយារបស់លោកត្រូវបានសម្លាប់ និងមនុស្សបួននាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសលើអឹផាតមិនមួយក្នុងទីក្រុង Deir al-Balah នៅចំកណ្តាល ដែនដីហ្កាហ្សា ខណៈមនុស្សពីរនាក់ទៀត រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារអឹផាតមិនមួយក្នុងទីក្រុងហ្កាហ្សា ។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានការទម្លាយភាពទាល់ច្រកមួយបន្ទាប់ពីក្រុមហាម៉ាសបានយល់ព្រមរំសាយអាវុធក្រោមគំនិតផ្តួចផ្តើមដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីឆ្នាំមុននៅក្នុងប្រទេសអេហ្ស៊ីប។ កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump បានចេញផ្សាយផែនទីបង្ហាញផ្លូវចំនួន១៥ ចំណុច ដែលកំណត់ជំហានចុងក្រោយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះ៕


